ខេត្តកំពង់ចាម៖ អធិការនគរបាលស្រុកជើងព្រៃ លោកវរសេនីយ៍ ប្រាក់ សុគន្ធ បានបញ្ជាក់ឲដឹងថា អ្នកបើកបរជាជនជាតិម៉ាឡេស៊ីម្នាក់បានរងរបួសធ្ងន់ចំណែកប្រពន្ធបានរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយខ្លួនឯង បន្ទាប់បើករថយន្តម៉ាកហាំមើទៅបុកបង្គោលភ្លើង និងជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យក្រឡាប់បះជើង ។
លោកបានឲដឹងថា ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៦ កាលពីវេលាម៉ោង០២រសៀលថ្ងៃទី២៤ កញ្ញា ២០១៥ ស្ថិតនៅចំណុចភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
លោកអធិការបានឲដឹងបន្តថា ជនរងគ្រោះឈ្មោះអាប់ប៊ុល រ៉ាស៊ីត អាយុ៤០ឆ្នាំ ជនជាតិម៉ាឡេស៊ី ជិះរថយន្តម៉ាកហាំមើ ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 2Z-1019 រួមដំណើរជាមួយប្រពន្ធមិនស្គាល់ឈ្មោះ ។លោកបន្តថា សាក្សីនៅជិតកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើធ្វើដំណើរយ៉ាងលឿនពីទិសខាងលិច ទៅទិសខាងកើត ជាមួយរថយន្តរបស់មិត្តភក្រ័ជនរងគ្រោះដ៏ទៃទៀត លុះមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច ក៏ជួបហេតុការណ៍នេះតែម្តង ។
ហើយក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានប្រពន្ធនិងមិត្តភក្រ័ ដឹកបញ្ជូនតាមរថយន្តផ្សេង យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ៕
ដោយ៖ វណ្ណះ