ក្នុងនាមប្រជាពលរដ្ឋម្នាក់ខ្ញុំបាទបានប្រទះភ្នែកឃើញមានការរៀបចំពិធីជប់លៀងអាហារពេលល្ងាចរបស់ក្រុមភ្ញៀវទេសចរនៅបរិវេណប្រាសាទក្រវាន់កាលពីពេលថ្មីៗនេះ។ ប្រការនេះខ្ញុំគិតថា អាជ្ញាធរអប្សរាមិនគួរអនុញ្ញាតឲ្យមានពិធីជប់លៀងនៅក្នុងបរិវេណប្រាសាទនោះឡើយ ។
មិនមែនតែខ្ញុំបាទនោះទេប៉ុន្តែប្រជាពលរដ្ឋកម្ពុជាដទៃទៀតក៏យល់ថាមិនសមរម្យដែរសម្រាប់ការយកទីតាំងតំបន់ប្រាសាទធ្វើជាកន្លែងជប់លៀងផឹកស៊ីយ៉ាងដូច្នេះនោះ។ ជាក់ស្តែងការយកទីតាំងប្រាសាទក្រវាន់ ស្ថិតនៅក្នុងភូមិក្រវាន់ សង្កាត់នគរធំ ក្រុង សៀមរាប ខេត្តសៀមរាប ធ្វើជាកន្លែងជប់លៀងកាលពីពេលថ្មីៗនេះត្រូវគេចាត់ទុកថា ជាការបើកដៃរបស់អាជ្ញាធរអប្សរាដែលបណ្តែតបណ្តោយឲ្យមានបញ្ហាបែបនេះកើតឡើង ។
ខ្ញុំបាទយល់ថា មិនគួរយកទីតាំងប្រាសាទបុរាណធ្វើជាកន្លែងជប់លៀងអាហារ ពេលល្ងាចនោះទេ ផ្ទុយទៅវិញគេអាចរកទីតាំងណាឆ្ងាយដើម្បីចៀសវាងការប៉ះពាល់ដល់ថ្មរួមទាំងការបន្ទោបង់នៅពេលស៊ីផឹកនោះផង។ ខ្ញុំមិនដឹងថា តើការគិតរបស់ខ្ញុំ ត្រឹមត្រូវឬយ៉ាងណានោះទេ។ ឬមួយអាជ្ញាធរយល់ថា ការអនុញ្ញាតឲ្យមានពិធីជប់លៀង នៅតំបន់ប្រាសាទយ៉ាងដូច្នេះមិនមានបញ្ហាអ្វីទេ? បើគ្មានបញ្ហាទេគួរតែបន្តអនុញ្ញាតឲ្យមានពិធីជប់លៀងផឹកស៊ីរាំរែកនៅតំបន់ប្រាសាទដទៃទៀតចុះ ៕ ប្រជាពលរដ្ឋម្នាក់