ភ្នំពេញ៖ សន្តិសុខក្រុមហ៊ុនកូមិនខ្មែរបានឃាត់ខ្លួនជនសង្ស័យ២នាក់ខណៈពួកគេកំពុងចូលលួចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ប៉ុន្តែពេលឃាត់ខ្លួនបានមិនឃើញសមត្ថកិច្ចទៅទទួលយក ជនសង្ស័យទាំងពីរដោះស្រាយតាមច្បាប់ ពីរម៉ោងក្រោយមក ក៏សម្រេចដោះលែងឲ្យមានសេរីភាពវិញ ។
ការឃាត់ខ្លួនជនសង្ស័យពីរនាក់ខាងលើនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចក្នុងក្រុមហ៊ុនកូមិនខ្មែរស្ថិតនៅតាមផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ក្រុមសន្តិសុខប្រាប់ឲ្យដឹងថា ក្រោយពេលសាកសួរទើបដឹងថា ជនសង្ស័យទី១ឈ្មោះ ដេវីត ភេទប្រុស អាយុ១៥ ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ និងទី២ ឈ្មោះ អ៊ុង សុភ័ក្រ ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។ កាលម៉ោង១០យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ ជនសង្ស័យខាងលើបានលួចចូលក្នុងក្រុមហ៊ុនរួចធ្វើសកម្មភាពលួចយក Laptop ចំនួន ៣គ្រឿង និងវិទ្យុទាក់ទងចំនួន ១២គ្រឿង រួច គេចខ្លួនបាត់។
បន្ទាប់ពីដឹងថា បាត់បង់សម្ភារៈហើយនោះ តំណាងក្រុមហ៊ុន PSCបានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅរួចហើយ។ លុះមកដល់ថ្ងៃ២៤ ខែកញ្ញា ម៉ោងខាងលើស្រាប់តែ ឃើញក្រុមជនសង្ស័យពីរនាក់នេះ ប៉ុនប៉ងចូលលួចម្តងទៀត តែត្រូវក្រុម សន្តិសុខចាប់បាន។ក្រោយពេលសាកសួរទើបធ្លាយករណីបាត់របស់កាលពីយប់ថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០១៥ រួចហើយជនសង្ស័យបាននាំទៅ យកសម្ភារដែលលួចបានមកវិញមានតែវិទ្យុទាក់ទង៥គ្រឿង ។
ក្រុមសន្តិសុខឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យពីរនាក់ខាងលើរួចមក ខាងតំណាងក្រុមហ៊ុនបានព្យាយាមទូរស័ព្ទទំនាក់ទំនងទៅនគរបាល ប៉ុស្តិ៍ចោមចៅឲ្យមកទទួលយកជនសង្ស័យទៅចាត់ការតាមច្បាប់ម្តងហើយម្តងទៀត ប៉ុន្តែមិនឃើញមាននគរបាលប៉ុស្តិ៍ណាម្នាក់មកទទួលឡើយក្រៅពីឆ្លើយយ៉ាងខ្លីថាមិនមានកម្លាំងទៅទទួលទេ ទើបតំណាងក្រុមហ៊ុនសម្រេចធ្វើការអប់រំ និងដោះលែងជនសង្ស័យឲ្យមានសេរីភាពវិញ ៕
ដោយ៖ ប្រាថ្នា