កណ្តាល៖ បុរសម្នាក់ខឹងនឹងឪពុកមិនព្រមទិញម៉ូតូហុងដាSLឲ្យជិះ ក៏រករឿងជេរប្រមាថនិងទាញកាំបិតដេញកាប់ទៅលើបុរសជាឪពុក តែកាប់មិនបានសម្រេចទីបំផុតក៏សម្រេចចិត្តចងកធ្វើអត្តឃាតខ្លួនឯងនៅក្នុងបន្ទប់ក្រោម បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
បុរសចិត្តខ្លាំងជាងប៉ែតចងកធ្វើអត្តឃាតសម្លាប់ខ្លួននោះមានឈ្មោះស៊ីម វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះជាមួយឪពុកម្តាយក្នុងភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពពីមន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទាមទារឲ្យឪពុកទិញម៉ូតូម៉ាកហុងដាSLជិះ ដោយសារតែជីវភាពខ្វះខាតបុរសជាឪពុកមិនបានទិញម៉ូតូតាមការទាមទាររបស់កូនប្រុសនោះទេ គឺសុខចិត្តប្រគល់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ របស់ខ្លួនប្រគល់ទៅឲ្យលោកកូនជិះទុកជាកម្មសិទ្ធផ្ទាល់ខ្លួន ។
ក្រោយពីទាមទារទិញម៉ូតូមិនបានដូចបំណងលោកកូនចិត្តខ្លាំង បានទៅផឹកស្រាកាត់សាញរហូតស្រវឹងជោកជាំ ហើយបានមកស្រែកឡូឡាជេរប្រមាថ និងយកកាំបិតប៉័ងតោដេញកាប់ទៅលើបុរសជាឪពុក បង្កឲ្យមានការភ្ញាក់ផ្អើដល់ប្រជាពលរដ្ឋជិតខាងចូលទៅជួយឃាត់បន្ទាប់មកលោកកូនចិត្តខ្លាំងបានដើរចូលទៅដេកក្នុងបន្ទប់ក្រោមផ្ទះបាត់ទៅ ។ មួយសន្ទុះក្រោយមកបងប្អូន និងឪពុកបានទៅលបមើលតាមចន្លោះបង្អួចស្រាប់តែឃើញជនរងគ្រោះចងកនៅក្នុងបន្ទប់ ក៏ស្រែកឆោឡោឡើងនាំគ្នាគាស់ទ្វារបន្ទប់ចូលទៅបម្រុងជួយជនរងគ្រោះ តែជាអកុសលជនរងគ្រោះបានស្លាប់ទៅហើយ ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្របានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល និង អាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យសាកសពជនរងគ្រោះ ។ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ។ ជនរងគ្រោះបានប្រើប្រាស់ក្រណាត់ ពណ៌លឿង ចងភ្ជាប់មួយផ្លានក្នុងបន្ទប់ឡើងចងកធ្វើអត្តឃាត ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនករបាលមូលដ្ឋានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោត៖ ស្អាងជ័យ