ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជា មុខសញ្ញាប្រព្រឹត្តបទល្មើសច្រើនករណីនៅ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកាលវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំនុចភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យមានឈ្មោះជា ភារុន ហៅបារាំង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។ ករណីចាប់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងទៅតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៣០តព្រ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ចេញដោយលោកម៉េង តូនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តទៅកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ នៅចំនុចមុខផ្ទះលេខ១១០ ផ្លូវលេខ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
លោកទេព បូរ៉ា នាយប៉ុស្តិ៍នគរបាល រដ្ឋបាលច្បារអំពៅ២ បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនគឺជាមុខសញ្ញាសកម្មខាងប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ដូចជា ចែកចាយនិងប្រើប្រាស់ថ្នាំញៀន លួច ឆក់ ចុងក្រោយប្លន់ ។ បន្ទាប់ពីធ្វើសកម្មភាពជនសង្ស័យតែងតែគេចចេញពីមូលដ្ឋានសង្កាត់ច្បារអំពៅ ទៅលាក់ខ្លួននៅកន្លែងផ្សេង មួយរយៈដើម្បីគេចចេញពីការតាមចាប់របស់សមត្ថកិច្ច ។ ដោយស្មានថារួចខ្លួនពីការចោទ ប្រកាន់ជនសង្ស័យបានត្រឡប់ចូលមកស្នាក់ផ្ទះជួលវិញ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ ព័ទ្ធចាប់ខ្លួនទៅតាមអំណាច ដីការបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ។
ក្រោយចាប់ខ្លួនជនសង្ស័យត្រូវ បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
...
ដោយ៖ សណ្តោស