អាមេរិក៖ ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក (USA) កាណាដា(Canada) បារាំង (France) និងអាល្លឺម៉ង់ (Germany) កាលពីរសៀលថ្ងៃទី២៤ ខែ កញ្ញា នៅបូរីញ៉ូវយ៉ក (New York, USA) ៖
«ខ្ញុំមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដោយបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនជនរួមជាតិទាំងអស់ ដែលមានវត្តមានក្នុងពិធីដ៏កម្រ នៅថ្ងៃនេះ។ កម្ពុជាបានឆ្លងកាត់នូវសង្គ្រាមនិង របបប្រល័យពូជសាសន៍ដ៏ល្វីង ជូរចត់បំផុត បើប្រៀបធៀបទៅនិងបណ្តាប្រទេសនានាលើសកលលោក ដែលធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតព្រាត់ប្រាស់គ្នា ចាកចោលស្រុកកំណើតរបស់ខ្លួនមករស់នៅដើម្បីគេចពីសេចក្តីស្លាប់និងសង្គ្រាមទៅនៅបរទេស។ ដោយសារតែប្រវត្តិសាស្ត្រដ៏ជូរចត់នោះហើយគឺយើងពិតជាមិនចង់បាននូវប្រវត្តិសាស្ត្រច្រំដែលបែបនោះកើតឡើងសារជាថ្មីនៅ ទឹកដីដ៏កំសត់របស់យើងតទៅមុខទៀតនោះទេ។
ខ្ញុំបានសិក្សាពីប្រវត្តិនៃសង្គ្រាមដែលបានកើតនៅលើបណ្តាប្រទេសមួយ ចំនួនលើពិភពលោក ពោលគឺយើងមិនអាចប្រើប្រាស់សង្គ្រាមដើម្បីបញ្ចប់សង្គ្រាម បាននោះទេ តាមរយៈនេះហើយ ខ្ញុំផ្ទាល់បានចំណាយពេលវេលាដ៏ច្រើនបំផុត ក្នុងការស្វែងរកការចរចារបញ្ចប់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរគ្នាឯង បើទោះបីជាដល់ទីកន្លែងណាក៏ដោយ ក្នុងពិភពលោកយើងនេះ។ សូមបញ្ឈប់ការលាបពណ៌ដាក់គ្នាពោលគឺយើងកុំខ្វល់ពីអតីតកាលថាជាអ្វីនោះទេ ផ្ទុយទៅវិញគឺយើងទាំងអស់គ្នាជាជាតិសាសន៍ខ្មែរតែមួយ ហើយកាលដែល យើងមករស់នៅបែកឃ្លាតពីប្រទេសកំណើតគឺកើតឡើងដោយសារតែអ្នកនយោបាយមួយចំនួនដែលបង្ខំឲ្យយើងទៅនៅទីនេះទៅនៅទីនោះបែបនេះ។
បច្ចុប្បន្ននេះស្ថានភាពរបស់ប្រទេសកម្ពុជា មិនដូចពីពេលមុនតទៅទៀតទេ គឺកម្ពុជាកំពុងធ្វើការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែងទាំងអស់ ចាប់តាំងពីទីក្រុងរហូតដល់តំបន់ចុងកាត់មាត់ញក ។ នៅពេលនេះ គឺមិនមែននិយាយក្នុងនាមជាមេដឹកនាំគណបក្សនយោបាយនោះ ទេគឺនិយាយក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសមួយកំពុងដើរលើផ្លូវត្រូវ និងកំពុងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ អ្វីដែល បងប្អូនបានឮនិងបានឃើញនៅ តាមបណ្តាញសារព័ត៌មានពីប្រទេសកំណើតរបស់ខ្លួន គឺវាមិនទាន់គ្រប់គ្រាន់នោះទេ ផ្ទុយទៅវិញគឺមានតែបងប្អូនជនរួមជាតិទាំងអស់ធ្វើដំណើរទៅលេងស្រុកកំណើតដោយផ្ទាល់ទេ ទើបអាចដឹងថា តើកម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពបែបណានោះ ។
ប្រទេសកម្ពុជា មិនមែនជាប្រទេសរបស់អ្នកកាន់អំណាចមួយក្រុមណាមួយនោះទេ ផ្ទុយទៅវិញប្រទេសកម្ពុជាគឺជាប្រទេសរបស់ប្រជាជនកម្ពុជាទាំងអស់ រាប់ទាំងបងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលកំពុងមានវត្តមានរស់នៅក្រៅប្រទេសទាំងអស់ផងដែរ ។ ខ្ញុំមិនជឿថាការប្រើប្រាស់សង្គ្រាមដើម្បីបញ្ចប់សង្គ្រាម ផ្ទុយទៅវិញមានតែការសន្ទនាគ្នាចរចាគ្នានោះទើបអាចបញ្ចប់សង្គ្រាមនិងជម្លោះខាងនយោបាយបាន ។ វប្បធម៌សន្ទនា មិនមែនទើបតែកើតឡើងនៅពេលនេះនោះទេ គឺវាបានកើត ឡើងស្ទើរតែពាក់កណ្តាលជីវិតរបស់ខ្ញុំទៅទៀត។
ឯកឧត្តម សម រង្សី ធ្វើជាដែគូសន្ទនា ប៉ុន្តែនេះមិនមែនជាលើកដំបូងរបស់ខ្ញុំនោះទេ ដៃគូសន្ទនារបស់ខ្ញុំគឺព្រះករុណាព្រះបរមរតនកោដិ ដែលការចរចារចាប់ផ្តើមនៅហ្វែរអង់តែឌឺន័រ ថ្ងៃទី២ខែ ធ្នូ ឆ្នាំ ១៩៨៧ ហើយមុនពេលមកដល់នៃដំណាក់កាលនៃការចរចាកំរិត កំពូលនោះខ្ញុំបានប្រើប្រាស់ពេលវេលាជាច្រើនណាស់ក្នុងការសន្ទនាគ្នា ដើម្បីបញ្ចប់បញ្ហា ។
ខ្ញុំសូម ថ្លែងនូវអំណរគុណជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានរួមវិភាគទានដល់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចំរើនរហូតមកដល់ពេល បច្ចុប្បន្ននេះជាសក្ខីភាពស្រាប់» ៕