ភ្នំពេញ ៖ ក្រុមហ៊ុនសូគីមិុចបានមកធ្វើការពង្រីកផ្លូវចូលក្រុមហ៊ុនរបស់ខ្លួនប្រវែងប្រហែល១គីឡូម៉ែត្រដោយស្ងាត់ៗត្រូវប្រជាពលរដ្ឋដែលមានដីអមសង្ខាងផ្លូវចោទប្រកាន់ថា លួចដីពួកគាត់យកទៅពង្រីកផ្លូវចូលក្រុមហ៊ុនបំរើអោយផលប្រយោជន៍ បុគ្គលមិនមែនប្រយោជន៍សាធារណហើយប្រើរូបភាពអភិវឌ្ឍផ្លូវក្នុងមូលដ្ឋាន តែធាតុពិតបើកផ្លូវដើម្បីឲ្យរថយន្តធុនធំរបស់ក្រុមហ៊ុនងាយចេញ-ចូលតែប៉ុណ្ណោះ ទើបនៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ ប្រជាពលរដ្ឋដែលមានដីនៅជាប់និងផ្លូវនោះបាននាំគ្នាទៅដុតភ្លើងនៅលើគំនរថ្មធ្វើការតវ៉ាមិនឲ្យឡានបើកលើដីពួកគាត់នោះទេ លុះត្រាតែមានដំណោះស្រាយសមរម្យណាមួយជូនពួកគាត់។
លោក សុឹម ភឺន ប្រជាពលរដ្ឋរស់ភូមិតាំងក្រសាំង-សង្កាត់ត្រពាំងអណ្តូង ដែលមានដីនៅចំណុចប៉ះពាល់ខាងលើបាននិយាយថា ផ្លូវបេតុងមួយខ្សែនេះត្រូវបានអាជ្ញាធររាជធានីសហការជាមួយអាជ្ញាធរស្ថាបនារួចរាល់ដោយស្ថាបនាទៅតាមគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីដោយកំណត់ផ្លូវលំចូលភូមិមានទទឹង៨ម៉ែត្រ ហើយសាលារាជធានីបានធ្វើគ្រប់ចំនួនកំណត់អស់ហើយ ប៉ុន្តែនៅ សុខស្រាប់មានគេយកគ្រឿងចក្រមកពង្រីកផ្លូវបន្ថែមដោយម្ខាង៤ម៉ែត្រប្រវែងប្រហែល១គីឡូម៉ែត្រដោយពួកគាត់មិនបានដឹងឬក៏មានលិខិតជូនដំណឹងឲ្យពួកគាត់ បានដឹងមុនថាជាគម្រោងខាងណាមកអភិវឌ្ឍផ្លូវបន្ថែមហើយបំរើប្រជាពលរដ្ឋបានកំរិតណា
លោកបានបន្តថា បន្ទាប់ពីបានធ្វើការតវ៉ានោះលេចមុខតំណាងដែលជាអ្នកមើលការខុសត្រូវក្នុងការពង្រីកផ្លូវនោះមកនិយាយថាការស្ថាបនាផ្លូវបន្ថែមនេះគឺក្រុមហ៊ុនស៊ូគីមុិចពង្រីកដើម្បីឲ្យផ្លូវធំទូលាយងាយស្រួលរថយន្តធុនចេញចូលក្រុមហ៊ុន ហើយការស្ថាបនាបន្ថែមនេះគឺក្រុមហ៊ុនបានដម្របសម្រួលរួចរាល់អស់ហើយឲ្យចុះមកធ្វើនោះ ប៉ុន្តែលោកបានអះអាងថា លោកមិនបានទទួលដំណឹងឬលិខិតជូនដំណឹងពីថ្នាក់ណាមួយនោះទេ ។
បើតាមលោក សុឹម សាវុធ ត្រូវជាកូនរបស់លោក សុឹម ភឺន បាននិយាយថា ក្រុមហ៊ុនមួយនេះមកលួចដីរបស់ពួកគាត់ពង្រីកផ្លូវដើម្បីងាយស្រួលចេញចូលក្រុមហ៊ុនខ្លួនឯងតែប៉ុណ្ណោះ ហើយមកប្រើរូបភាពអភិវឌ្ឍផ្លូវឲ្យទូលាយងាយស្រួល សម្រាប់ប្រជាពលរដ្ឋចេញចូលភូមិ ប៉ុន្តែធាតុពិតគឺដើម្បីប្រយោជន៍ក្រុមហ៊ុនតែប៉ុណ្ណោះ បើមិនមែនប្រយោជន៍ក្រុមហ៊ុនផ្ទាល់នោះចុះហេតុអ្វីមកពង្រីកប្រវែងតែ១ចង្អុលដៃ ហើយផ្លូវដែលមិនទាន់ស្ថាបនានៅជាផ្លូវដីគ្រឡុកលំបាកធ្វើដំណើរយ៉ាងខ្លាំងក៏មិនធ្វើបង្ហើយសិនទើបពង្រីកជាក្រោយទៅ។
លោកបានបន្តថា ទាក់ទិននិងការលួចយកដីពួកទៅពង្រីកផ្លូវនេះដែរលោកបានទំនាក់ទំនងទៅកាន់អាជ្ញាធរខណ្ឌឲ្យលោកបានជ្រាប ប៉ុន្តែអាជ្ញាធរខណ្ឌបានប្រាប់ លោកថា ចំពោះការពង្រីផ្លូវបន្ថែមនេះគឺលោកបានចេញលិខិតជូនដំណឹងរួចអស់ហើយ ប៉ុន្តែចំពោះក្រុមគ្រួសារលោកមិនបានទទួលដំណឹងនោះឡើយ កុំថាឡើយលិខិតជូនដំណឹងទាំងមូលសូម្បីតែ១កូនជ្រុងក៏មិនបានឃើញស្រមោលដែរ ប្រសិនបើមាននោះលោកនឹងដឹងថា អ្នកណាឬក្រុមហ៊ុនណាដេញថ្លៃបានក្នុងការពង្រីកផ្លូវ ហើយគេពង្រីកនេះជាគោលការរបស់រដ្ឋឬក៏បុគ្គល់នោះ៕
—