ឱកាសរបស់ក្រុម Sevilla នៃការឈ្នះ កៅអីទៅកាន់ក្របខ័ណ្ឌ Champions League ជាស្វ័យប្រវត្តិបានរងការខកចិត្តដ៏ធំមួយកាលពីថ្ងៃចន្ទ ខណៈដែលក្រុម Malaga បានយកឈ្នះក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់ Andalusian តែមួយ ក្នុងលទ្ធផល ៤-២ ។
ក្រុមរបស់លោក Jorge Sampaoli នៅតែរក្សាការដេញតាមពីក្រោយក្រុមឈរលេខ៣ Atletico Madrid ចំនួន៣ពិន្ទុ ដដែល ខណៈដែលនៅសល់ការប្រកួត៣លើកទៀតនៅរដូវកាលនេះ។ ទោះបីជា យ៉ាងណា Sevillla កំពុងតែនាំមុខលើក្រុម Villarreal ដល់នៅ៥ពិន្ទុក្នុងការប្រជែង សម្រាប់កៅអីក្របខ័ណ្ឌChampions League សម្រាប់រដូវកាលក្រោយ ។
ក្រុម Sevilla បានចាប់ផ្តើមយ៉ាងល្អ នៅពេលដែលកីឡាករ Franco Vazquez បានជួយឲ្យក្រុមភ្ញៀវមានគ្រាប់បាល់នាំ មុខមុននៅនាទីទី៣០។ ប៉ុន្តែទោះបីជាយ៉ាង ណាការនាំមុខនោះមានរយៈពេលត្រឹមតែ៨នាទីប៉ុណ្ណោះ ខណៈដែលកីឡាករ Pablo Fornals រកបានគ្រាប់បាល់តាមស្មើវិញ សម្រាប់ក្រុមម្ចាស់ផ្ទះ។ កីឡាករ Sandro Ramirez ដែលជាអតីតខ្សែប្រយុទ្ធរបស់ ក្លិប Barcelona បានបន្តការបង្ហាញ ពីទម្រង់លេងយ៉ាង ល្អឥតខ្ចោះរបស់គេជាមួយនឹងការរកបានគ្រាប់បាល់ទី៦ពីការប្រកួតទាំង៦លើក ខណៈដែលរូបគេបានដណ្តើមយកប្រៀបពីការធ្វេសប្រហែសក្នុងតំបន់ការពារដើម្បីស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អ ។
ខ្សែបម្រើ Vazquez បានជួយឲ្យក្រុម Sevilla រកគ្រាប់បាល់តាមស្មើវិញជាមួយ នឹងការស៊ុតបាល់នៅជិតប្រអប់ទី ។ ប៉ុន្តែ ខ្សែប្រយុទ្ធ Diego Llorente បាន រក្សាការនាំមុខរបស់ក្រុម Malaga វិញនៅពេលដែលរូបគេបានតែតបាល់បញ្ចូលទីយ៉ាងល្អក្រោយពីការស៊ុតបាល់ពិន័យ Free-kick របស់កីឡាករ Ramirez នៅ រយៈពេល១៣នាទីចុងក្រោយ ។
កីឡាករ Juan Carlos បានបំពេញការទទួលជ័យជម្នះរបស់ក្រុមខ្លួនដោយរក បាន១គ្រាប់ទៀតនៅនាទីទី៨២ជិតបញ្ចប់ការប្រកួត ខណៈដែលជ័យជម្នះជាលើកទី៣នេះបានជួយឲ្យក្រុម Malaga កាន់តែ មានក្តីសង្ឃឹម ៕ ដេវីត