យ៉ាងហោចណាស់ក៏មានអ្នកដំណើរ ២៧នាក់រងរបួសនៅនៅលើយន្តហោះរបស់ក្រុមហ៊ុន Aeroflot ដែលហោះហើរចេញពីទីក្រុងមូស្កូ ទៅកាន់ទីក្រុងបាងកកប្រទសថៃ កាលពីថ្ងៃទី១ខែឧសភា។ ហេតុការណ៍គ្រោះថ្នាក់ខាងលើដោយសារតែយន្តហោះ ហោះចំអាកាសធាតុ អាក្រក់។
សារព័ត៌មានCNN បានផ្សាយថា ក្នុងចំណោមអ្នករងរបួសមានជនជាតិរុស្ស៊ី ២៤នាក់ និង ជនជាតិថៃ៣នាក់។ គ្រោះថ្នាក់ខាងលើ កើតឡើង ពេលយន្តហោះត្រៀមចុះចតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិទីក្រុងបាងកកពេលបន្ទាបខ្លួនក៏ចំអាកាសធាតុ ចលាចល( គឺដូចជាខ្យល់គួច)
ប្រភពព័ត៌មានពី ស្ថានទូតរុស្ស៊ីនៅក្នុងប្រទេសថៃបានឲ្យដឹងថា «អ្នកដំណើរ ដែលរងរបួសគឺដោយសារតែ មិនដាក់ខ្សែក្រវាត់សុវត្ថិភាព។អ្នករងរបួសទាំងអស់បានបញ្ចូនទៅកាន់មន្ទីពេទ្យ ក្នុងតំបន់ ដោយមានរងរបួសផ្សេងៗគ្នា ភាគច្រើនគឺបាក់ឆ្អឹង និងជាំខ្មៅជាដើម។ អ្នករងរបួសមួយចំនួនត្រូវធ្វើការវះកាត់ ហើយពេលនេះនៅមានអ្នករបួស ១៥នាក់ ត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ។
ប្រភពព័ត៌មាន ពីមន្ត្រីសន្តិសុខថៃបានឲ្យដឹងថា មានអ្នកដំណើរ ៣០នាក់រងរបួសក្នុងនោះមាន៣នាក់ សុំទៅព្យាបាលនៅក្នុងមន្ទីពេទ្យ ផ្សេង ។ចំណែក២៧នាក់ទៀត បញ្ចូនទៅព្យាបាលនៅក្នុងមន្ទីពេទ្យ Samitivej Srinakarin ក្នុងក្រុងបាងកក។
ជើងហោះហើរខាងលើមានលេខ SU270របស់ក្រុមហ៊ុន Aeroflot ដែលមានយន្តហោះប្រភេទ Boeing 777 ។នៅពេលគ្រោះថ្នាក់កើតឡើង នៅលើយន្តហោះមានអ្នកដំណើរដល់ទៅ ៣១៨នាក់ និងក្រុមពហុនិកា ១៤នាក់។ ហេតុការណ៍កើតឡើង មុនពេលចុះចត៤០នាទី ពេលនោះយន្តហោះស្ថិតនៅលើដែនអាកាសប្រទេសមីយ៉ានម៉ានៅឡើយ៕សាធី
