ខេត្តកំពង់ធំ៖ បុរសម្នាក់បានផឹកស្រាវឹងហើយរករឿងប្រចណ្ឌប្រពន្ធបានយកកាំបិតខ្វាវកាប់ប្រពន្ធជាច្រើនកាំបិតស្លាប់ក្នុងថ្លុកឈាម រួចផឹកថ្នាំពុលសម្លាប់ខ្លួនតាមក្រោយ តែមិនស្លាប់។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង ២៥នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅលើផ្ទះ ក្នុងភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនដៃជាឃាតក(ប្ដី)មានឈ្មោះ ផេង ធឿង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំខាងលើ ចំណែកស្ត្រីជាប្រពន្ធរងគ្រោះមានឈ្មោះ អួន សាអ៊ីម អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែ បានស្លាប់ក្នុងថ្លុកឈាម។ ក្រោយមកបុរសជាប្តីបានធ្វើសកម្មភាពកាប់សម្លាប់ប្រពន្ធយ៉ាងសាហាវព្រៃផ្សៃរួចមកបានយកថ្នាំបាញ់ស្មៅមកផឹកបញ្ចប់ជីវិតខ្លួនឯងតាមក្រោយតែមិនស្លាប់ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា។ សមត្ថកិច្ចបានបន្ដថា ស្ត្រីរងគ្រោះត្រូវឃាតកជាប្តីកាប់ និងអារកមានស្នាមរបួសចំនួន៤កន្លែង នៅលើបំពង់ក១កន្លែង ,ក្រោមបបូមាត់ខាងឆ្វេង៣កន្លែង ដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។
លោកឧត្តមសេនីយ៍ត្រី កែ ខាន់ណារ៉ា ស្នងការរងកណ្តាលយុត្តិធម៌ នៃស្នងការនគរបាលខេត្តកំពង់ធំបានបញ្ជាក់ថា បន្ទាប់កើតមានករណីឃាតកម្មនេះកើតឡើងលោកបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះមកដល់កន្លែងកើតហេតុ និងបានបញ្ជូនជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។ ចំពោះមូលហេតុនៃអំពើឃាតកម្មនេះ គឺបណ្តាលមកពីប្តីស្រវឹងស្រា និងប្រចណ្ឌប្រពន្ធឈានដល់ការកាប់សម្លាប់ប្រពន្ធយ៉ាងសាហាវ បន្ទាប់មកជនសង្ស័យបានផឹកថ្នាំសម្លាប់ខ្លួន ប៉ុន្តែមិនទាន់ស្លាប់ទេកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។ រីឯសពសមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ហើយករណីនេះជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ ប៊ុន រិទ្ធី
...