ភ្នំពេញ ៖ នាព្រឹកថ្ងៃ ទី០៥ ខែ ឧសភា ឆ្នាំ ២០១៧ ប៊ែលធីគ្រុប បានប្រារព្ធពិធី “ប្រគល់ប័ណ្ណធានារ៉ាប់រងគ្រោះថ្នាក់ការងារ ជូនដល់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ ប៊ែលធីសរុបចំនួន ៤៣៨នាក់ និងបានចុះ ហត្ថ លេខា លើ អនុស្សរណៈ យោគ យល់ (MOU) ជាមួយក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាជូនបុគ្គលិកប៊ែលធីទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនចាប់ពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៤ និងបន្តផ្តល់ជូនបុគ្គលិកទាំងអស់ដែលបានបំពេញការងារចាប់ពី ៣ឆ្នាំឡើងទៅជារៀងរាល់ឆ្នាំ។
ឯកឧត្តម យក់ ចំរើនឫទ្ធិ អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានមានប្រសាសន៍ថា ក្រុមហ៊ុនហ្វតតេ ពិតជារីករាយយ៉ាងក្រៃលែងដែលមានសហការជាមួយ ប៊ែលធីគ្រុប ហើយក្រុមហ៊ុននឹងខិតខំផ្តល់សេវាធានារ៉ាប់រងគ្រោះថ្នាក់ការងារជូនដល់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូទាំងអស់របស់ប៊ែលធីឲ្យបានកាន់តែល្អប្រសើរ។ ឯកឧត្តមបានបន្តថា ក្រុមហ៊ុនហ្វតតេ នឹងផ្តល់ជូនសេវាធានារ៉ាប់រងពេញ ២៤ម៉ោង នៅទូទាំងប្រទេស ទៅលើសេវាកម្ម “ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល” ដូចជាៈ ការធានាលើមរណភាព ពិការភាព ការចំណាយលើថ្លៃព្យាបាល ករណីចោរកម្ម ឬ លក្ខខណ្ឌនៃការបាត់ខ្លួន ថ្លៃបុណ្យសព ពស់ចឹក និងសត្វលិ្អតទិច ឬ ខាំ ជាដើម។ សេវាកម្មធានារ៉ាប់រង នេះ អតិថិជនមាន សិទ្ធិ ជ្រើសរើសសមាជិក ក្នុង គ្រួសារ របស់ខ្លួន ដើម្បី ទទួលសេវាធានារ៉ាប់រងនេះ ។
ក្នុង ឱ កាស នោះ ដែរ ឯក ឧត្តម លី ឆេង អគ្គ នាយក ប៊ែលធីគ្រុប បាន មានប្រសាសន៍ថា៖ ប៊ែលធីមានគតិបណ្ឌិតរបស់ខ្លួនគឺ “សុខភាពរបស់បុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន” “Staff’s Health Is the Wealth of the Firm”។ កន្លងមក ថ្នាក់ដឹកនាំប៊ែលធីគ្រុប បានយកចិត្តទុកដាក់ទៅលើសុខភាពបុគ្គលិក និងសុវត្ថិភាពការងារ ដោយបានផ្តល់អាហារូបករណ៍សម្រាប់កូនរៀន ការដើរកម្សាន្តទៅក្រៅប្រទេស និងក្នុងប្រទេសតាមឋានានុក្រម ផ្តល់ជូនសំលៀក បំពាក់ និងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត។ ហើយថ្ងៃ នេះ ប៊ែលធីគ្រុប បានទិញប័ណ្ណធានារ៉ាប់រងរបស់ក្រុមហ៊ុនហ្វតតេ ជំហានទី១ ជូនដល់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ដោយមិនព្រួយបារម្ភពីការចំណាយលើថ្លៃព្យាបាល ករណីមានគ្រោះថ្នាក់ផ្សេងៗណាមួយ។
ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ប៊ែលធី ក៏បានប្រគល់ប័ណ្ណសម្គាល់គ្រោះថ្នាក់ការងារ របស់បេឡាជាតិរបបសន្តិសុខសង្គម ជូនដល់បុគ្គលិកផ្នែកសន្តិសុខ អ្នកបើកបរ និងអ្នកបោសសំអាត រួចមកហើយដែរ។
ជា ទី បញ្ចប់ ឯក ឧត្តម លី ឆេង និង ឯកឧត្តម យក់ ចំរើនឫទ្ធិ បាន ចុះ ហត្ថ លេខា លើ អនុស្ស រណៈ យោគ យល់ គ្នា និង បាន ប្រគល់ វត្ថុ អនុស្សាវ រីយ៍ ជូន គ្នា ទៅ វិញ ទៅ មក ព្រមទាំងបានប្រគល់ប័ណ្ណធានារ៉ាប់រងរបស់ក្រុមហ៊ុនហ្វតតេ ជូនដល់បុគ្គលិកប៊ែលធី នា ពេល នោះ ផង ដែរ ៕




















