ខេត្ដព្រះសីហនុ៖ ប្រជាពលរដ្ឋខេត្ដ ព្រះសីហនុអះអាងថា សកម្មភាពទន្ទ្រាន កាប់ព្រៃក្នុងបរិវេណដីអនុក្រឹត្យលេខ៧៦ ដែលប្រមុខរដ្ឋាភិបាលរក្សាទុកជាប្រភពទឹកស្អាតនៅតំបន់ក្បាលឆាយបានបន្ដ កើតមានហើយសមត្ថកិច្ចជំនាញគ្មានលទ្ធភាពទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេ ដោយសារជនបំពានដីទាំងនោះមានលុយ កាក់ច្រើន មានខ្នងកាងការពារធំៗ ។
លោកយន្ដ មីន អភិបាលថ្មីខេត្ដ ព្រះសីហនុទទួលស្គាល់ថា ពិតជាមាន បទល្មើសលបលួចកាប់ព្រៃរានដីអនុ ក្រឹត្យលេខ៧៦រក្សាប្រភពទឹកស្អាតនៅ តំបន់ក្បាលឆាយពិតមែន ប៉ុន្ដែសមត្ថ កិច្ចជំនាញកំពុងស៊ើបអង្កេតចាប់ជន ល្មើសយកមកផ្ដន្ទាទោស ។
ក្រុមប្រជាពលរដ្ឋបានចោទថា រាល់ ថ្ងៃនេះមានក្រុមជនខិលខូចខ្លះនៅបន្ដ មានមហិច្ឆតាលួចកាប់ដើមឈើក្នុង បរិវេណដីអនុក្រឹត្យតំបន់ក្បាលឆាយ ដើម្បីរានដីធ្វើកម្មសិទ្ធិបានបន្ដកើតមានជាបន្ដបន្ទាប់ហើយសមត្ថកិច្ចខេត្ដ ព្រះសីហនុទប់ស្កាត់មិនទាន់បានទេ ។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋ មន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែកញ្ញា ក្នុងកម្មវិធីប្ដូរ តំណែងអភិបាលថ្មីខេត្ដព្រះសីហនុបាន ព្រមានធ្ងន់ៗទៅលើមន្ដ្រីរដ្ឋាភិបាលទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធបទ ល្មើសរំលោភយកដីឆ្នេរសមុទ្ររំលោភបឹងព្រែកទប់ និងដីអនុក្រឹត្យលេខ៧៦ តំបន់ក្បាលឆាយទុករក្សាប្រភពទឹកស្អាតប្រើប្រាស់នៅទូទាំងខេត្ដព្រះសីហនុឱ្យដកខ្លួនជាបន្ទាន់បើមិនចង់បាត់បង់តួនាទី ។ សារព្រមាននេះទទួលបានការសាទរពី ប្រជាពលរដ្ឋមានមូលដ្ឋានក្នុងខេត្ដ ទេសចរណ៍មួយនេះ ប៉ុន្ដែគួរអនុវត្ដមាន ប្រសិទ្ធភាពផង កុំកោកសឹកតែត្រដោក ឆ្អែតពោះក្របីនោះ ។
ទោះយ៉ាងណាបទល្មើសទន្ទ្រានដីអនុ ក្រឹត្យលេខ៧៦តំបន់ក្បាលឆាយបានបន្ដ កើតមានជាបន្ដបន្ទាប់មកដល់ពេលនេះ ទោះបីជាលោក យន្ដ មីន អភិបាលថ្មីខេត្ដ ព្រះសីហនុបានដាក់បទបញ្ជាទៅដល់មន្ដ្រីស្ថាប័នពាក់ព័ន្ធខេត្ដនេះរួមគ្នាថែរក្សា បែបណាក្ដី ។
បញ្ហានេះកាលពីថ្ងៃទី២៣ ខែកញ្ញា លោកយន្ដ មីន បានដឹកនាំមន្ដ្រីចុះពិនិត្យ ដល់ទីតាំងមានសកម្មភាពកាប់បំផ្លាញ ដើមឈើរានដីអនុក្រឹត្យលេខ៧៦ថ្មីៗ និង បានដាក់បទបញ្ជាឱ្យមន្ដ្រីជំនាញស្រាវ ជ្រាវចាប់ជនប្រព្រឹត្ដិល្មើសមកផ្ដន្ទា ទោស ៕
ដោយ៖ ហេង នរិន្ទ្រ