ភ្នំពេញ៖ ក្រោយពីធ្វើមហាសន្និបាត បញ្ចប់អាណត្ដិទី៤ឆ្នាំ២០១១ដល់ឆ្នាំ ២០១៥រួចមកសមាជិកប្រតិបត្ដិទាំង អស់របស់សហព័ន្ធកីឡាកាយសម្ព័ន្ធ កម្ពុជាបាននាំគ្នាបោះឆ្នោតជ្រើសរើស ប្រធានថ្មីដើម្បីដឹកនាំសហព័ន្ធបន្ដ ចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៩ទៀត ដែលមហាសន្និបាតនេះបានប្រព្រឹត្ដទៅ នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ ។
បន្ទាប់ពី លោក ថោង ខុន ត្រូវបាន សមាជិកប្រតិបត្ដិបោះឆ្នោតជ្រើសរើសឱ្យបន្ដដឹកនាំសហព័ន្ធកីឡាកាយសម្ព័ន្ធសាថ្មីរួចហើយនោះលោកក៏បានដឹកនាំសមាជិកបន្ដនីតិវិធីរបស់សហព័ន្ធដើម្បីអនុម័តលើគម្រោងផែនការសំខាន់ៗ របស់សហព័ន្ធនិងលើរបាយការណ៍របស់លោកណយ ផាន់ណា អគ្គលេខាធិការ ក្នុងន័យពង្រឹងសមត្ថភាពក្លិបសមាគម កីឡាកាយសម្ព័ន្ធតាមបណ្ដាខេត្ដ-ក្រុង ឆ្ពោះទៅឆ្នាំ២០២៣ ។
លោកប្រធានសហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជាបានហៅឈ្មោះប្រធានក្លិបឱ្យរាយការណ៍ម្នាក់ម្ដងៗជួនអង្គមហា សន្និបាតដើម្បីបានដឹងពីចំណុចខ្លាំងនិង ខ្សោយ ពិសេសបញ្ហាប្រឈមនៅក្នុង ក្លិបនីមួយៗតើជួបប្រទះការខ្វះខាតអ្វីខ្លះ ហើយពួកគាត់ចង់ឱ្យសហព័ន្ធជួយអ្វីខ្លះ ដល់សមាគមក្លិបរបស់ពួកគាត់ដែល ជាសមាជិក សហព័ន្ធនោះ ។
លោកថោង ខុន បានថ្លែងទៅកាន់ សមាជិកប្រតិបត្ដិរបស់លោកថា ការ ចាំបាច់របស់កីឡាសព្វថ្ងៃនេះ គឺថវិកា មិនចំពោះតែកីឡាកាយសម្ព័ន្ធមួយនោះទេកីឡាផ្សេងៗទៀតក៏មានបញ្ហាដូចគ្នា ដែរប៉ុន្ដែបើយើងចង់បានថវិកាពីដៃគូ ឧបត្ថម្ភឬក៏ក្រសួងអប់រំ និង NOCC សមាគម ក្លិបកីឡានីមួយៗត្រូវតែធ្វើ ផែនការឱ្យច្បាស់ហើយចំគោលដៅ ដែលក្លិបជួបការខ្វះខាតពិតប្រាកដ ។
លោកបានបន្ដទៀតថា ក្រៅពីរក ថវិកាឧបត្ថម្ភក្លិបក៏ត្រូវតែស្វែងរកអង្គ ការផ្សេងៗដែលស្ថិតនៅក្នុងមូលដ្ឋាន របស់ខ្លួនតាមបណ្ដាខេត្ដ-ក្រុងដើម្បីឱ្យ ពួកគេជួយឧបត្ថម្ភជាសម្ភារឬថវិកា ហើយប្រសិនបើភាគីអង្គការទាំងនោះ ត្រូវការលិខិតស្នាមផ្លូវការពាក់ព័ន្ធជា មួយសហព័ន្ធនោះសហព័ន្ធពេញចិត្ដនឹងជូនដោយគ្រាន់តែទំនាក់ទំនងតាមរយៈ លោកអគ្គលេខាធិការសហព័ន្ធតាម ទូរស័ព្ទគឺជាការស្រេច ។
លោកណយ ផាន់ណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបាន បញ្ជាក់ថាបច្ចុប្បន្នសហព័ន្ធបាន និង កំពុងយកចិត្ដទុកដាកជាខ្លាំងទៅលើកីឡាកាយសម្ព័ន្ធប្រភេទ Aerobic និង Artistic តាមរយៈកិច្ចសហការទាំងក្នុង និងក្រៅប្រទេសពេញមួយអាណត្ដិទី៤ នេះ ។
លោកបានបន្ដទៀតថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបង្កើនទំនាក់ ទំនងជាមួយសហព័ន្ធអន្ដរជាតិអាស៊ីក៏ ដូចជាអាស៊ីអាគ្នេយ៍បានយ៉ាងល្អព្រមទាំងបញ្ជូនមន្ដ្រីកីឡាកាយសម្ព័ន្ធ១នាក់ទៅចូលរួមវគ្គសិក្សាបច្ចេកទេសគ្រូបង្វឹក FIG Age Group Development Program ពីកម្រិត១ដល់កម្រិត៥នៅ ប្រទេសម៉ាឡេស៊ីនិងបញ្ជូនមន្ដ្រីកាយ សម្ព័ន្ធ២នាក់ទៅសិក្សាវគ្គចៅក្រមអន្ដរជាតិនៅប្រទេសថៃ។ ក្រៅពីនេះសហព័ន្ធ បានបញ្ជូនគ្រូបង្វឹក២នាក់ទៅបណ្ដុះ បណ្ដាលវគ្គជំនាញ Aerobic កម្រិត២ នៅប្រទេសហ្វីលីពីននិងបញ្ជូនកីឡាករម្នាក់ទៅចូលរួម Training Camp នៅប្រទេសជប៉ុន ។
គួរបញ្ជាក់ថា សមាជិកប្រតិបត្ដិ អាណត្ដិចាស់មានចំនួន៧នាក់ ក្នុងនោះ មានលោក ថោង ខុន ជាប្រធាន, លោកឧកញ៉ា សុខ ហុង ជាអនុប្រធាន, លោកណយ ផាន់ណា ជាអគ្គលេខាធិការ រីឯសមាជិកប្រតិបត្ដិ មាន លោក មាស សារ៉េត អ្នកនាង ងួន វត្ដី អ្នកស្រីពេជ្រ យូរ និង អ្នកស្រីដួង សាម៉ៃ ហើយ សហព័ន្ធមានក្លិបចំណុះចំនួន៨ផងដែរ ៕
ដោយ៖ សារីម