ភ្នំពេញ៖ បុរសម្នាក់ជាកម្មករសំណង់បានដួលស្លាប់នៅក្នុងបន្ទប់ទឹកខណៈនៅម្នាក់ឯងដោយកូនតូចៗបានចេញទៅក្រោយបន្ទាប់អស់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅបន្ទាប់ជួលមួយកន្លែង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសកម្មករសំណង់ដែលបានដួលស្លាប់ខាងលើឈ្មោះវុធ ថុន អាយុ៥៤ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ និងមានប្រពន្ធឈ្មោះសេង ចិន អាយុ៤៥ឆ្នាំ មុខរបកម្មករោងចក្រ មានកូន៥នាក់ប្រុស២ស្រី៣នាក់ មានស្រុកកំណើតនៅភូមិអំទង ឃុំពង្រ ស្រុកបារាយ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីកូនស្រីបុរសរងគ្រោះដែលស្លាប់បានឲ្យដឹងថា នៅវេលាម៉ោង១១ថ្ងៃដដែល ជនរងគ្រោះបានចេញពីធ្វើការសំណង់ ហើយបានមកអង្គុយហូបបាយជួបជុំគ្នាជាមួយប្រពន្ធកូន ដោយមិនមានអ្វីកើតឡើងនោះទេ រហូតដល់វេលាម៉ោង៣រសៀលគាត់បានអង្គុយមើលទូរទស្សន៍នៅក្នុងបន្ទប់បន្ទាប់មកកូនតូចៗ៣នាក់ទៀតបានដើររត់លេងនៅខាងក្រៅបន្ទប់ អស់ដោយទុករួបគាត់នៅតែម្នាក់ឯង ។
ប្រភពដដែលជាកូនស្រីបុរសរងគ្រោះបានបន្តថា បន្ទាប់មករូបគេបានមកក្នុងបន្ទប់វិញដោយឃើញទូរទស្សន៍បើកចោលមិនមានឃើញឪពុករបស់គេ ហើយគេក៏បានទៅមើលក្នុងបន្ទប់ទឹកក៏បានឃើញឪពុកគេដេកនៅខាងក្នុងនិងដាច់ខ្យល់ស្លាប់បាត់ទៅហើយទើបស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរបានឲ្យដឹងថា ជនរងគ្រោះមានសភាពក្រីក្រ ដោយពេលខ្លះខំប្រឹងធ្វើការទាំងឈឺដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារនិងចញ្ចឹមកូនតូចៗ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងពិនិត្យជាក់ស្តែង និងកោសល្យវិច័្ចយជនរងគ្រោះស្លាប់ដោយសារតែខ្យល់គរអិលជើងដួលបោកក្បាលក្នុងបន្ទប់ទឹកទើបធ្វើអោយស្លាប់បែបនេះ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យនៅស្រុកកំណើរតាមប្រពៃណី៕
...
ដោយ៖ សុខា សែនជ័យ