ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរ បាលខណ្ឌមានជ័យសហការជាមួយកម្លាំងប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ ពាក់ព័ន្ធករណីចែកចាយនិងរក្សាទុកគ្រឿងញៀនខុសច្បាប់។
ជនសង្ស័យមានឈ្មោះ លីន ម៉េង ភេទប្រុស អាយុ៣៣ឆ្នាំ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងល្បាតប៉ុសិ៍្តរដ្ឋបាលចេញល្បាតក្នុងមូលដ្ឋានដូចសព្វដង។ លុះល្បាតមកដល់ចំណុចខាង លើ ក៏ប្រទះឃើញមុខសញ្ញាខាងលើឈប់ម៉ូតូអង្គុយអើតឡើមៗតែម្នាក់ឯង ហើយក្នុងនោះក៏បាន ឃើញមានស្ពាយកាបូប១ផងដែរ។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ចាប់ឆែកឆេរកាបូបក៏បានរកឃើញមានរក្សាទុកគ្រឿងញៀន១កញ្ចប់ធំ ភ្លាមៗនោះសមត្ថកិច្ចក៏ឃាត់ខ្លួននាំមកប៉ុសិ៍្តតែម្តង ។
ប្រភពដដែលបន្តថា សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនក្រាមសថ្លា១កញ្ចប់ធំ ម៉ូតូ១ គ្រឿងម៉ាកស្កូពី ព៌ណទឹកប្រាក់ ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CP-2969 លុយដុល្លាអាមេរិកចំនួន៤០០ដុល្លារ លុយខ្មែរចំនួន១០០០០០រៀល និងទូរស័ព្ទដៃចំនួន២គ្រឿងផងដែរ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនជាបណ្តោះអាសន្នរួម និងវត្ថុតាងនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕
ដោយ៖ តាឡឹម