ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកប្រឆាំង ការជួញដូរគ្រឿងញៀន កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ បានបង្ហាញមុខជនសង្ស័យ ១២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ករណីឆក់ លួច ប្លន់ ដែលត្រូវបានកម្លាំងសមត្ថកិច្ច នៅតាមបណ្តាខណ្ឌប្រតិបតិ្តការបង្ក្រាបបានកាលពីកន្លងទៅនៅតាមផ្ទះសំណាក់ក្នុងរាជធានី។
ការបង្ហាញមុខជនសង្ស័យ១២នាក់នេះគឺបានធ្វើឡើងនៅក្នុងបរិវេណការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅខណ្ឌទួលគោក។
លោកវរសេនីយ៍ឯក ប៊ន សំអាត បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ប៉ា សុ ជាតិវង្ស ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសអគ្គស្នងការរងនគរ បាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ឲ្យ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនធ្វើយ៉ាងណាសហការជាមួយកម្លាំង នៃអធិការ ដ្ឋាននគរបាលខណ្ឌទាំង១៣ក្នុងរាជធានីបានចុះបង្ក្រាបករណីជួញដូរចែកចាយ និងប្រើប្រាស់គ្រឿង ញៀន ក្នុងគោលបំណងលុបបំបាត់ឲ្យអស់នៅក្នុងសង្គមដើម្បីធានាបាននូវសុវតិ្ថភាព សន្តិសុខល្អ រក្សាសណ្តាប់ធ្នាប់សាធារណៈ ព្រោះថាករណីឆក់ លួច និងប្លន់នេះគឺផ្តើមចេញពីការប្រើប្រាស់ថ្នាំ ញៀន ជាពិសេសយើងត្រូវរួមគ្នាអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវតិ្ថភាពរបស់រាជរដ្ឋាភិ បាលឲ្យទទួលបានប្រសិទ្ធភាព ។
លោកវរសេនីយ៍ឯក ប៊ន សំអាត បន្តថា យើងបង្ហាញមុខក្រុមជនសង្ស័យ១២នាក់ ដែលបានបង្ក្រាបបានកាលពីពេលថ្មីៗនេះពាក់ព័ន្ធករណីជួញដូរគ្រឿង ញៀនបានម្នាក់ជាអ្នកកាសែតតាព្រហ្មមុខ៤ ប្រចាំសាខាភ្នំពេញ។
លោកវរសេនីយ៍ឯកដដែលបន្ត ថា បើក្នុងករណីមានមនុស្សប្រើប្រាស់គ្រឿងញៀននៅតាមផ្ទះសំណាក់ឬហាងកាហ្វេ សូមឲ្យបង ប្អូនពលរដ្ឋយើងរាយការណ៍មកសមត្ថកិច្ចភ្លាម ដើម្បីទប់ស្កាត់បន្ទាន់។ ក្នុងនោះសមត្ថកិច្ចបាន ដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនកន្លះគីឡូក្រាម ដាវសាមូរ៉ៃចំនួន៤ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនជាច្រើនទៀត ៕
ដោយ៖ តាឡឹម