ខេត្តមណ្ឌលគិរី៖ សិស្សក្រីក្រ៧៤នាក់ដែលកំពុងសិក្សាជំនាញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាវីវៈខេត្តមណ្ឌលគិរីបានទទួលអំណោយរដ្ឋាភិបាល តាមរយៈ លោក ស្វាយ សំអ៊ាង អភិបាលរងខេត្តមណ្ឌលគិរីកាលពីចុងសប្តាហ៍កន្លងមកនេះនៅមជ្ឈមមណ្ឌលបណ្តុះបណ្តាលវិជ្ជាវីវៈខេត្ត ។
តាមរបាយការណ៍របស់លោក ណយ ស្រូន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបច្ចុប្បន្ន បានបណ្តុះបណ្តាលបានទាំងសេវាកម្ម និងកសិកម្ម មានសិក្ខាកាមសរុប៤២០៥នាក់ ស្រីចំនួន២៥៣១នាក់ និងមានអគារសមរម្យ សម្រាប់បុគ្គលិក និងគ្រូបម្រើការងារ និងមានបើកវគ្គបណ្តុះបណ្តាលព្រមទាំងបែងចែកនូវសំភារៈច្បាស់លាស់ដល់ គ្រូតាមសមត្ថភាពវិជ្ជាជីវៈ រៀងៗខ្លួន និងជម្រុញ លើកទឹកចិត្តដល់មន្ត្រី និងគ្រូអោយមានកិច្ចសហការល្អនិងសាមគ្គីភាពផ្ទៃក្នុងផងដែរ ។
នាឱកាសនោះដែរ លោក ស្វាយ សំអ៊ាង អភិបាលរងខេត្តបានមាន ប្រសាស៍ថា ដោយមានការ យកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា សម្តេចតែងតែលើកកម្ពស់ នូវវិស័យការងារ តាមរយះ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីជួយអភិវឌ្ឍន៍មុខជំនាញ របស់កម្មករ និយោកជិក និងប្រជាពលរដ្ឋទូទៅ ជាពិសេស បងប្អូនជន ជាតិដើមភាគតិច ដែលជួបការលំបាកជាងគេ ឲ្យមានមុខរបរ និងជំនាញច្បាស់លាស់ អាចរកប្រាក់ ចំណូលបាន សមរម្យ ដើម្បីកាត់បន្ថយនូវភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ។
លោកបន្ថែមថា ទោះបីអំណោយទាំងនេះ តិចតួចមែន ប៉ុន្តែអាចជួយដោះស្រាយនៅជីវ ភាពប្រចាំថ្ងៃ របស់សិស្សក្រីក្រ ដែលមករៀនយកនូវ ចំណេះវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលបណ្តុះ បណ្តាល សម្រាប់យកទៅប្រកបរបរ ចិញ្ចឹមជិវិតរបស់ខ្លួន ឲ្យមានជីវភាពកាន់តែប្រសើរឡើង។ អំណោយដែលចែកដល់សិស្សក្រីក្រនៅមជ្ឈ មណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តចំនួន ៧៤នាក់នាពេលនោះ ក្នុង ម្នាក់ៗទទួលបាន អង្គរ១៥គីឡូ និងត្រីខ១យួរផងដែរ ៕
ដោយ៖ ឦសាន