ខេត្តព្រះសីហនុ៖ សាកសពបុរសជាកម្មករទូកនេសាទម្នាក់ត្រូវបានគេប្រទះឃើញនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២៨ បន្ទាប់ពីសាកសពបានបាត់ខ្លួនកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ។
យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់អោយដឹងថា នៅនៅវេលាម៉ោង១៧និង០០នាទី ត្រង់ចំណុច ក្បែរផែរ រ៉ូយ៉ាល់ ស្ថិតក្នុងភូមិ៣ (ទំនប់រលក)សង្កាត់លេខ៣ ក្រុងព្រះសីហនុ សាកសពអណ្តែតទឹកមួយត្រូវបានប្រជានេសាទប្រទះឃើញ ហើយបានរាយការណ៏មកសមត្ថកិច្ច ដើម្បីស្រង់មកដីគោក និងត្រួតពិនិត្យ ។ បន្ទាប់ពីអូសសាកសពមកកាន់ដីគោករួចមក សមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចមកអាចសន្និដ្ឋានថា សាកសពអណ្តែតទឹកនេះស្លាប់ដោយសារលង់ទឹកស្លាប់ បន្ទាប់ពីផឹកស្រាស្រវឹងកាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ហើយបានបាត់ខ្លួននៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ។
សាកសពត្រូវបានគេស្គាល់អត្តសញ្ញាណថា មានឈ្មោះឡុង រី ភេទ ប្រុស អាយុ៤១ឆ្នាំ មានទីលំនៅលើទូក មានមុខរបរកម្មករទូកនេសាទ មានស្រុកកំណើតនៅស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ដោយឡែក យោងតាមប្រភពសាក្សី បានអះអាងស្រដៀងគ្នាថា នៅមុនថ្ថៃកើតហេតុ គេបានឃើញ ជនរងគ្រោះ(សាកសព)បានផឹកស៊ីនៅចំណុចផែទូកនេសាទមួយកន្លែង ស្ថិតនៅក្បែកន្លែងកើតហេតុ ចាប់តាំងពីព្រលប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ រហូតយប់ជ្រៅប្រហែលម៉ោងជាង១២យប់ក៏បានចែកផ្លូវគ្នា រហូតដល់ម៉ោងជាង១រំលងអធ្រាត្រ ក៏បានបាត់ខ្លួនជនរងគ្រោះរហូតដល់ល្ងាចថ្ងៃទី២៧ ខែកញ្ញា វេលាម៉ោង១៧និង០០នាទី ទើបមានអ្នកនេសាទប្រទះឃើញនៅក្បែរកន្លែងបាត់ខ្លួន ។
បច្ចុប្បន្ន សាកសពត្រូវបានក្រុមអ្នកនេសាទដូចគ្នារក្សាទុករង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕
ដោយ៖ ឆ្លាម សមុទ្រ