ខេត្តកណ្តាល៖ បុរសម្នាក់ចាប់តាំងពីស្ត្រីជាប្រពន្ធសុំលែងលះបានដើរផឹកស្រាស្រវឹងជោកជាំស្ទើររាល់ថ្ងៃ រហូតក្លាយជាមនុស្សមានជំងឺសរសៃប្រសាទ ទីបំផុតក៏សម្រេចចិត្តចង.កបញ្ចប់ជីវិតខ្លួនឯងនៅលើដើមស្វាយខាងក្រោយផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ន ហ៊ប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ បច្ចុប្បន្នរស់នៅផ្ទះជាមួយឪពុកម្តាយក្នុងភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ។
ប្រភពដដែលបានបន្តថា នៅអំឡុងឆ្នាំ២០១១ ជនរងគ្រោះរូបនេះត្រូវបានស្ត្រីជាប្រពន្ធឈ្មោះ ឡេង គន្ធា អាយុ៣៥ឆ្នាំ មុខរបរ ជាកសិករ មានកូន២នាក់ សុំលែងលះជាហេតុធ្វើឲ្យជនរងគ្រោះមានវិបត្តិយ៉ាងខ្លាំង គិតតែពីដើរផឹកស្រាមិនធ្វើការអ្វីទាំងអស់ រហូតក្លាយជាមនុស្សមានជំងឺសរសៃប្រាសាទប្រចាំកាយ ហើយត្រូវបានឪពុកម្តាយយកទៅព្យាបាលដែរ តែមិនជាសះស្បើយ ។ ទីបំផុតជនរងគ្រោះត្រូវបានប្អូនប្រុសបង្កើតប្រទះឃើញចង.កស្លាប់នៅលើដើមស្វាយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកខ្សាច់កណ្តាលបានចុះទៅពិនិត្យសាកសពជនរងគ្រោះ ។ លទ្ធផលពិនិត្យរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះបានប្រើប្រាស់ខ្សែគោ ពណ៌ខ្មៅ ប្រវែងប្រមាណ១.៥ម៉ែត្រ ចងភ្ជាប់ជាមួយមែកស្វាយកម្ពស់ប្រមាណ២,៥ម៉ែត្រ ដែលស្ថិតខាងក្រោយផ្ទះចំហៀងខាងលិច ដើម្បីធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ។
សាកសពមានស្នាមជាំនៅរង្វង់.កខាងមុខក្រោមចង្កាក្រៅពីនេះពុំមានស្នាកស្នាមអ្វីគូរឲ្យកត់សម្គាល់នោះទេ បន្ទាប់ពិពិនិត្យចប់សព្វគ្រប់រួចមក សមត្ថកិច្ចនគរបាលបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ