ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់ចរាចរណ៍ចំនួន ៥លើក ត្រឹមតែរយៈពេលពីថ្ងៃប៉ុណ្ណោះ បណ្ដាលឲ្យបុរសចំនួន ២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងចំនួន ១២នាក់នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ស្រាល។
ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៨.១៣៩ ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ មានករណីគ្រោះថ្នាក់កើតឡើង ១លើក រវាងរថយន្តម៉ាក សាំយ៉ុង ចង្កូតឆ្វេង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2N 2498 បុកម៉ូតូម៉ាក សុីរូស ពណ៌ខ្មៅ គ្មានស្លាកលេខ ខណៈកំពុងធ្វើដំណើរបញ្រ្ចាស់គ្នា បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែង និងចំនួន ០៣នាក់ទៀតបានរងរបួសធ្ងន់ លុះនៅវេលាម៉ោង១៣ និង២៧នាទី ថ្ងៃដដែលនៅលើលើកំណាត់ផ្លូវជាតិលេខ ៥៥ ស្ថិតក្នុងភូមិព្រែក ១ ឃុំសំរោង ស្រុកភ្នំក្រវាញ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើកទៀត រវាងគោយន្តកន្រ្ទៃ និងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ 1F 7527 បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន ២នាក់។
ប្រភពខាងលើបន្តថា លុះនៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៥.១៧៦ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍ថែមទៀត ដោយមានរថយន្តមិនស្គាល់ម៉ាកចំនួន ២គ្រឿងបើកជែងគ្នាក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុមានម៉ូតូម៉ាក fine ពណ៏សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1X 0287 បើកស្របទិសគ្នាបំរ៉ុងបើកជែងរថយន្ត ប៉ុន្តែខណៈបានជ្រុលចង្កូតទៅបុកបង្គោលសុវត្ថិភាព បណ្ដាលឲ្យរងរបួសធ្ងន់ទាំងចំនួន ០៣នាក់ លុះនៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃដដែល នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ករណីទៀតដែរ ដោយយុវជនចំនួន ០៣នាក់ ធ្វើដំណើរដោយម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងស្ថានភាពស្រវឹង បានរេចង្កូតជ្រុលបុកបង្គោលរបងនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ចំនួន ២នាក់ ដោយឡែក៖ នៅវេលាម៉ោង១ និង៤២នាទីរសៀល ថ្ងៃដដែល មានករណីគ្រោះថ្នាក់ចរាចរណ៍បន្ថែម ១លើចុងក្រោយ រវាងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1L 6591 បានបុករថយន្តម៉ាក កាមរី ចង្កូតឆ្វេង ពណ៏ស ពាក់ស្លាកលេខ បាត់ដំបង 2A 4092 បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន ២នាក់។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំព្រោះវត្ថុតាងម៉ូតូ និងរថយន្តអ្នកមិនបង្កការខូចខាតដល់សម្បាតិសារធាណៈបានប្រគល់ឲ្យក្រុមសាច់ញាតិ ដើម្បីយកទៅចាត់ចែងតាមនីតិវិធី ចំណែកអ្នកជាប់ពាក់ព័ន្ធផ្នែក និងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត យកទៅរក្សាទុកដើម្បីបន្តនីតិវិធីជាក្រោយ ដោយឡែកជនរងរបួសបានបញ្ជូនទៅកាន់មន្ទីរព្យាបាល៕ បឹុម ពិន