ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ នៅសាលាខេត្តបន្ទាយមានជ័យ មានប្រកាសសមាសភាពថ្នាក់ដឹកនាំអតីតយុទ្ធជន ក្រោមអធិបតីភាព លោកនាយឧត្តម សេនីយ៏ គន់ គីម អគ្គលេខាធិការសមាគមន៏អតីតយុទ្ធជន និង លោក អ៊ុង អឿន គណៈអភិបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏បានការចូលរួមផងដែរ ពីមន្រ្តីថ្នាក់ដឹកនាំសមាគមន៏អតីតយុទ្ធជន និវត្តន៏ជន និងគ្រួសារអតីតយុទ្ធជនប្រមាណ១ពាន់គ្រួសារ។
តាមសេចក្តីសម្រេច លោក ឧត្តមសេនីយ៍ត្រី ភ្លន់ តារា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យជាប្រធាន អមដោយអនុប្រធានដែលជាស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ ប្រធានមន្ទីរអតីតយុទ្ធជន និងសមាជិកគណៈកម្មាធិការមួយចំនួនទៀត។
នាឱកាសនោះ បន្ទាប់ពីប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជនខេត្ត និងលោក អ៊ុង អឿន គណៈអភិបាលខេត្ត ធ្វើសេចក្តីរាយការណ៏ពីសកម្មភាពការងារអតីតយុទ្ធជននៅក្នុងខេត្តរួចមក លោកនាយឧត្តមសេនីយ៌ គន់ គីម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការសមាគមន៏អតីតយុទ្ធជនចាស់ ដែលបានខិតខំបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវ និង ទទួលបានស្នាដៃគួរជាទីមោទនៈ។
លោកនាយឧត្តមសេនីយ៏ គន់ គីម បានគូសបញ្ជាក់នូវខ្លឹមសារនៃតាមសេចក្តីណែនាំរបស់មហាសន្និបាតសមាគមន៏អតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២ ដែលបានដាក់ចេញទិសដៅក្នុងការរៀបចំ លិខិតបទដ្ឋានគតិយុទ្ធ រចនាសម្ព័ន្ធ និងរបៀបរបបការងារឲ្យមានប្រសិទ្ធភាព។
លោក នាយឧត្តមសេនីយ៏ គន់ គីម បានផ្តាំផ្ញើដល់មន្ត្រីសមាគមន៏គ្រប់ថ្នាក់ ត្រូវគោរព និងអនុវត្តន៏ឲ្យបានត្រឹមត្រូវ តាមលក្ខ័ន្តិកៈរបស់សមាគមន៏ ទាំងរបៀបរបបធ្វើការតាមគោលការណ៏ប្រជាធិបតេយ្យប្រមូលផ្តុំ សមាសភាពជាអ្នកដឹកនាំ បុគ្គលទទួលខុសត្រូវ ហើយគណៈកម្មាធិការគ្រប់ថ្នាក់ត្រូវអនុវត្តការប្រជុំឲ្យបានទៀងទាត់តាមការកំណត់។ ដោយឡែកនៅក្នុងប្រសាសន៏សំណេះសំណាលជាមួយអតីតយុទ្ធជន និវត្តជន និង គ្រួសារអតីតយុទ្ធជន លោកនាយឧត្តមសេនីយ៏ គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយបានសំដែងនូវការគោរពដឹងគុណចំពោះពលកម្ម និងគុណបំណាច់ដ៏ថ្លៃថ្លារបស់បងប្អូននាពេលកន្លងមក ដើម្បីជាតិមាតុភូមិ ។
នៅក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៏ គន់ គីម បានបើកប្រាក់បេឡាមរណៈសង្គ្រោះដល់គ្រួសារអតីតយុទ្ធជនចំនួន១៣២គ្រួសារ ដោយក្នុងមួយគ្រួសារបានប្រាក់ឧបត្ថម្ភចំនួន៤លានរៀល និងបានឧបត្ថម្ភបន្ថែមដល់សមាជិកចូលរួម១ពាន់នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាម និង ថវិការចំនួន៥ម៉ឺនរៀល៕