ខេត្តកណ្តាល៖ បុរស៣នាក់បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រតិបត្តស្រុកពារាំងខេត្តព្រៃវែង រីឯ២នាក់ទៀតមានអាការពុលធ្ងន់ ដោយសារតែពុលស្រាត្រាំគ្រាប់ស្លែងដែលជនរងគ្រោះយកពីក្នុងកុដិព្រះសង្ឃនៅក្នុងវត្តស៊ីធរផឹក ។
កាលពីវេលាម៉ោង៦ និង៥៥នាទីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំណុចកុដិរបស់ព្រះសង្ឃព្រះនាម សេក ញ៉ាញ់ ព្រះជន្មយុ៦០វស្សា ក្នុងបរិវេណវត្តស៊ីធរ ស្ថិតក្នុងភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះពុលស្រាស្លាប់នោះទី១-យ៉ិន អូន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ មានទីលំនៅក្នុងភូមិផ្លូវរលួស ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ទី២-ឈ្មោះ ម៉ី លាង ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិទួលទ្រា ឃុំរំចេច ស្រុកព្រះស្តេច ខេត្តព្រៃវែង និងទី៣-ឈ្មោះ ជា ផាន ភេទប្រុសអាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃបាស្រី ឃុំជយ័កំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកឯ២នាក់ទៀតរងរបួសធ្ងន់នោះឈ្មោះ ជួន អឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ មានទីលំនៅក្នុងភូមិគន្ធា ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះ រួន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៥នាក់និងប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងបាននាំគ្នាមកចូលរួមកម្មវិធីបុណ្យផ្កាសាមគ្គីនៅវត្តស៊ីធរ ។ ដោយសារតែធ្លាប់មានទំនាក់ទំនង និងស្គាល់គ្នាជាមួយព្រះសង្ឃព្រះនាម សេក ញ៉ាញ់ ជនរងគ្រោះទាំង៥នាក់បានទៅអង្គុយលេងនោក្នុងកុដិរបស់ព្រះសង្ឃខាងលើ ។ ពេលទៅដល់ជនរងគ្រោះទាំង៥នាក់បានរើកកាយនៅក្នុងកុដិឃើញស្រានៅក្នុងប៊ីដុង ក៏សួរនាំព្រះសង្ឃព្រះនាម សេក ញ៉ាញ់ ពេលនោះព្រះសង្ឃបានប្រាប់ថា “នេះជាស្រាត្រាំគ្រាប់ស្លែង” បន្ទាប់ពីមានសង្ឃដីការួចព្រះសង្ឃបាននិមន្តទៅសូត្រធម៌បានទៅ ដោយទុកឲ្យជនរងគ្រោះទាំង៥នាក់បន្តនៅអង្គុយលេងលើកុដិ ។
ប្រភពដដែលបានបន្តថា ពេលព្រះសង្ឃព្រះនាម សេក ញ៉ាញ់ និមន្តចេញទៅបាត់រងគ្រោះទាំង៥នាក់បាននាំគ្នាយកស្រាត្រាំគ្រាប់ស្លែងនោះមកចាក់ផឹក ទើបបណ្តាលឲ្យពុលប្រកាច់បែកពពុះមាត់បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ភ្លាមៗនោះដែរប្រជាពលរដ្ឋដែលមកធ្វើបុណ្យជាមួយគ្នាបានដឹក បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកពារាំង តែជាអកុសលពេទៅដល់ជនរងគ្រោះ៣នាក់បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ រីឯ២នាក់ទៀតរបួសធ្ងន់ត្រូវបានក្រុមគ្រូពេទ្យ បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗផងដែរ ។
ព្រះសង្ឃព្រះនាម សេក ញ៉ាញ់ មានសង្ឃដីកាថា ស្រាត្រាំគ្រាប់ស្លែងព្រះអង្គបានត្រាំអស់រយៈពេល១៤ខែមកហើយ ពេលដាក់ត្រាំនោះព្រះអង្គបានប្រើប្រាស់ស្រាសចំនួន៥លីត្រ រីឯគ្រាប់ស្លែង២គីឡូក្រាម ដើម្បីទុកព្យាបាលជម្ងៃគ្រុនចាញ់ ។ ព្រះសង្ឃព្រះនាម សេក ញ៉ាញ់ មានសង្ឃដីកាទៀតថា ស្រានេះព្រះសង្ឃមិនបានអនុញ្ញាតិ ឬប្រគល់ឲ្យជនរងគ្រោះផឹកនោះទេ គឺជនរងគ្រោះទាង៥នាក់យកចេញពីក្នុងកុដិផឹកដោយខ្លួនឯង គ្រាដែលព្រះអង្គមិននៅកុដិរវល់និមន្តទៅសូត្រមន្តនៅសាលាឆាន់ ។
អធិការរងនគរបាលស្រុកខ្សាច់កណ្តាលលោកវរសេនីយ៍ត្រី អ៊ុន យ៉ុង បានបញ្ជាក់ថា ករណីនេះព្រះសង្ឃមិនមានចេតនាធ្វើឲ្យជនរងគ្រោះផឹកទេ គឺជនរងគ្រោះយកស្រាផឹកដោយខ្លួនឯង ។ ដូច្នេះសមត្ថកិច្ចនគរបាលមិនបានធ្វើការឃាត់ខ្លួនព្រះសង្ឃព្រះនាម សេក ញ៉ាញ់នោះទេ ហើយរហូតមកដល់រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥នេះសមត្ថកិច្ចនគរបាលខ្សាច់កណ្តាលនៅពុំទាន់ទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះនៅឡើយ ៕
ដោយ៖ ស្អាងជ័យ