ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរចរណ៍មួយបង្កឡើងដោយសារតែបុរសម្នាក់បើករថយន្តកាមរីមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ចំនួន១កង់ ហើយរថយន្តបង្កក្រឡាប់ផ្ងារជើងច្រងាងនិងម្ចាស់រថយន្តរងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចមុខក្រុមហ៊ុនផលិតក្បឿងស៊ីម៉ង់ SCG តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីសាក្សីដែលនៅកន្លែងកើតហតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកាមរីគូទស្វិតមួយគ្រឿង ពណ៌ ក្រហម ពាក់ស្លាកលេខ ឆ ៤២៧១ ភព២ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រួងផ្លូវបណ្តាលឲ្យបាក់អស់ចំនួន១កង់ ហើយរថយន្តក្រឡាប់ផ្ញារជើងច្រងាងរងការរខូចខាត។
សាក្សីដដែលបានបន្តថា អស់រយៈពេលជាយូរគេមិនបានសង្កេតឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍នោះទេ ដោយបណ្តោយឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចឯកជនរួចយករថយន្តទៅជុសជុលដោយខ្លួនឯង ចំណែករបាំងថ្មម្ចាស់រថយន្តបានលើដាក់ឲ្យមានសភាពដូនដើមវិញ៕
ដោយ៖ តាឡឹម