ភ្នំពេញ៖ កីឡាករ ថៃ ប៊ុនហាន មក ពីក្លិបឫទ្ធីពោធិ៍សែនជ័យបានជួបក្នុង ហេតុការណ៍ដ៏ស្រៀវស្រើបមួយ ក្រោយ ពីកីឡាករថៃ Weerach Menayuthin ប្រើស្នៀតកែងវាយចំកញ្ចឹងករបស់គេ ចំនួន២កែងបណ្ដាលឱ្យសន្លប់ធំ ប៉ុន្ដែ ប៊ុនហាន ប្ដូរពីជួបគ្រោះថ្នាក់ប្រែទៅ ជាលាភវិញ ។ រីឯកីឡាករ ផា សុផាតនិល មកពីខេត្ដបាត់ដំបង និងកីឡាករ ញ៉េ សិទ្ធ មកពីក្លិបអេភូថងកីឡាសុទ្ធតែ បានយកឈ្នះគូប្រកួតដូចគ្នាកាលពីយប់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៦-២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅលើសង្វៀន ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ។
ករណីដែលកីឡាករ ថៃ ប៊ុនហាន ដួលសន្លប់ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់ អ្នកគាំទ្រ និងក្រុមគណៈកម្មការកីឡា ប្រដាល់នៅសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ខាងលើនេះគឺ ក្នុងកម្មវិធីប្រដាល់កំពូល ជើងឯកស៊ីម៉ងត៍អូដ្ឋកាលពីយប់ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៥ ដោយសារកីឡាករ ថៃឈ្មោះ Weerach Menayuthin ប្រកួតមិនគោរពបទបញ្ជាការប្រកួត របស់សហព័ន្ធកីឡាប្រដាល់កម្ពុជា។ កីឡាករ Weerach Menayuthin បាន ប្រើស្នៀតកែងវាយត្រូវកញ្ចឹងកផ្នែកខាងឆ្វេងនិងផ្នែកខាងក្រោយរបស់ថៃ ប៊ុនហាន ខណៈមុនចាប់ផ្ដើមប្រកួតអាជ្ញាកណ្ដាល លោកតឹក ឡៃ បានធ្វើការណែនាំរួច ហើយនោះ ។
សន្ទុះនៃការប្រកួតចាប់ពីទឹកដំបូង រហូតឈានដល់ទឹកទី៣មុនការភ្ញាក់ ផ្អើលកើតឡើងនោះ កីឡាករ ថៃ ប៊ុនហាន បានព្យាយាមទាត់ជើងផ្នែកខាងក្រោម របស់កីឡាករថៃ Weerach Mena-yuthin ប៉ុន្ដែមិនអាចធ្វើអ្វី Weerach Menayuthin បានរួចក៏ប្ដូរវិធីវាយលុក ដោយប្រើកណ្ដាប់ដៃវាយម៉ាត់ទៅលើផ្ទៃមុខ Weerach Menayuthin តែមិន បានផលដដែលក៏ត្រូវកីឡាករ Weerach Menayu thin វាយបកតបតវិញ បណ្ដាលឱ្យដួលសន្លប់ ហើយក្រុមគណៈ កម្មការលើកឡើងថា Weerach Men- ayuthin នេះវាយបានល្អណាស់ចាំបាច់ អីបង្ខំរហូតប្រើស្នៀតកែងវាយថែមពី ក្រោយដែលជាចំណុចហាមឃាត់នោះ។ ការលើកឡើងនេះបន្ទាប់ពីពួកគាត់បាន ឃើញ ថៃ ប៊ុនហាន មានអាការបាក់ ស្រុតកម្លាំងនិងលោកតឹកឡៃរាប់ចំនួន២ដងក្នុងទឹកទី៣ផងដែរ ។
ក្រោយពីកីឡាករ ថៃ ប៊ុនហាន ដួល សន្លប់កីឡាករ Weerach Menayuthin បានសម្ដែងការសប្បាយរីករាយក្រៃ លែងដោយមានសំឡេងស្រែកច្រៀង និងរាំបែបប្រពៃណីជនជាតិថៃដោយ សង្ឃឹមថាខ្លួនបានឈ្នះគូប្រកួតជាលើក ទី២ក្នុងពូលBបន្ទាប់ពីបានវាយឱ្យកីឡា ករ ធី តុងហ៊ី សន្លប់ក្នុងទឹកទី៣កាលពីជុំ ទី១នោះ ។
កីឡាករ ថៃ ប៊ុនហានបានងើបរួច ពីលើក្ដារសង្វៀន បន្ទាប់ពីក្រុមគ្រូពេទ្យ ជួយសង្គ្រោះបឋមហើយ ប៊ុនហាន ក៏បាន សម្រក់ទឹកភ្នែកក្នុងសភាពមានអ្នក កៀកស្មា២នាក់ ព្រោះស្ដាយឱកាសបាត់ បង់៣ពិន្ទុពីក្នុងដៃក្នុងជុំទី២នេះផ្ទុយទៅ វិញប៊ុនហានប្រែក្លាយញញឹមលាយទឹក ភ្នែកក្រោយពីក្រុមគណៈកម្មការរក ឃើញថា កីឡាករថៃ ឈ្មោះ Weerach Mena yuthin មានកំហុសដោយ ចេតនា ប្រើស្នៀត កែងវាយគល់ក ថៃ ប៊ុនហាន ផ្នែកខាងឆ្វេង១កែងនិងកញ្ចឹងក ផ្នែកខាងក្រោយ១កែងបណ្ដាលឱ្យដួល សន្លប់ហើយត្រូវក្រុមគណៈកម្មការបច្ចេកទេសថា ខុសលក្ខខណ្ឌប្រកួតនិង ច្បាប់សហព័ន្ធកីឡាប្រដាល់កម្ពុជាក៏ សម្រេចឱ្យកីឡាករថៃ ប៊ុនហាន ឈ្នះ Weerach Menayuthin ដោយស្វ័យ ប្រវត្ដិ ។
គួររំលឹកថា កីឡាករ ធី តុងហ៊ី មក ពីក្លិបសាលវ័ន្ដកីឡាបានប្រើស្នៀតជើង ទាត់បណ្ដាលឱ្យ កីឡាករ អៀង ច័ន្ទល័ក្ខ មកពីក្លិបកងទ័ពជើងគោកសន្លប់ក្នុង ទឹកទី៣ក្នុងកម្មវិធីខាងលើ រីឯកីឡាករ ផា សុផាតនិល និងកីឡាករ ញ៉េ សិទ្ធ បាន ឆ្លងផុតវគ្គជម្រុះ១៦នាក់ជុំទី២ដោយឈរចាំកីឡាករផ្សេងទៀតនៅវគ្គ៨នាក់ជុំទី៣ ក្នុងកម្មវិធី ជើងឯក Tiffy Super Fight ៕
ដោយ៖ សារីម