ប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស២២នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ បន្ទាប់ពីការវាយប្រហាររបស់ក្រុមឧទ្ទាមលីបង់នៅទីប្រជុំជនដែលសម្បូរជនជាតិឃើដរស់នៅ គឺទីក្រុង Kunduz រដ្ឋធានីមួយដែលស្ថិតនៅភាគខាងជើងខេត្ត Kunduz ប្រទេសអាហ្វហ្គានីស្ថាន ក្នុងសកម្មភាពមួយដែលក្រុមឧទ្ទាមប៉ុនប៉ងគ្រប់គ្រងទីក្រុងនេះ ។
ហេតុការណ៍វាយប្រហារនេះបានកើតឡើងភ្លាមៗនៅវេលាព្រឹកព្រលឹម ។ ក្រុមឧទ្ទាមរាប់រយនាក់បានមកឡោមព័ទ្ធពីភាគខាងលិច ភាគខាងជើង និងភាគខាងកើតនៃទីក្រុងចម្ងាយ២៥០គីឡូម៉ែត្រភាគខាងជើងទីក្រុងកាប៊ូល ប្រទេទសអាហ្វហ្គានីស្ថាន ដែលក្នុងគ្រានោះបង្កឲ្យមានការផ្ទុះអាវុធធុនធ្ងន់កើតឡើង ។
លោក Sahhid Mukhtar វេជ្ជបណ្ឌិតមន្ទីរពេទ្យនៅក្នុងតំបន់បញ្ជាក់ថា មនុស្ស២នាក់បានស្លាប់ និងជិត៤០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍វាយប្រហារកាលពីព្រឹក ស្ថិតនៅទីក្រុង Kunduz នេះ ។
អ្នករងរបួសភាគច្រើនជាពលរដ្ឋស្លូតត្រង់ ។ ពួកគេត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ។ ជនរងគ្រោះភាគច្រើនបៀមគ្រាប់កាំភ្លើង រងរបួសធ្ងន់ ។ ប្រភពបន្តថា ជនរងគ្រោះបាត់បង់ជីវិត អាចកើនឡើងច្រើនជាងនេះ ។ មន្ត្រីមួយរូបថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ស៊ីនហួថា នៅអំឡុងម៉ោង១០ព្រឹក ម៉ោងនៅក្នុងតំបន់ កម្លាំងសន្តិសុខរដ្ឋាភិបាលបានធ្វើប្រតិបត្តិការវាយប្រហារបណ្តេញក្រុមឧទ្ទាមឲ្យចាកចេញពីទីក្រុងនេះ ។ យ៉ាងតិចក្រុមឧទ្ទាម២០នាក់ត្រូវបានសម្លាប់ ខណៈដែលក្រុមឧទ្ទាមច្រើននាក់ផ្សេងទៀតរងរបួស ។
ការវាយប្រយុទ្ធគ្នារប៉េះរប៉ោះបាននិងកំពុងកើតមានផងដែរស្ថិតនៅខាងក្រៅទីក្រុងខាងលើនេះ ។ ក្រុមឧទ្ទាមក៏បានបើកការវាយប្រហារនៅទីតាំងជិតស្រុក Chardara និង Archi ផងដែរ ។ ទីតាំងដែលវាយប្រហារខាងលើនេះ មានព្រំប្រទល់ជាប់ជាមួយព្រំដែនខេត្តតាជីគីស្ថាន កាលពីដើមឆ្នាំនេះមានការវាយប្រហារដោយប្រើអាវុធធុនធ្ងន់ទ្រង់ទ្រាយធំកើតឡើង ខណៈដែលកងកម្លាំងសន្តិសុខរដ្ឋាភិបាលបានវាយប្រហាររុញច្រានបណ្តេញក្រុមឧទ្ទាមដែលព្យាយាមគ្រប់គ្រងភូមិស្រុកជាច្រើននៅក្នុងតំបន់ Kunduz នោះ ។
ក្រុមឧទ្ទាមលីបង់បានបង្កើនការវាយប្រហារនៅប៉ុន្មានខែកន្លងមកនេះ បន្ទាប់ពីកងកម្លាំងសន្តិសុខដឹកនាំដោយអង្គការណាតូបានប្រគល់តួនាទីរក្សាសន្តិសុខពេញលេញទៅឲ្យរដ្ឋាភិបាលទទួលខុសត្រូវកាលពីខែមករា ឆ្នាំ២០១៥កន្លងមកនោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត