ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា ពលរដ្ឋឥណ្ឌាដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិការរត់ជាន់គ្នានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននោះបានបណ្តាលឲ្យស្លាប់យ៉ាងតិច៣៥នាក់ ។
លោក Sushma Swaraj រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការក្រៅប្រទេសឥណ្ឌាបានបញ្ជាក់កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ថា ជាអកសុលពលរដ្ឋឥណ្ឌា៦នាក់បន្ថែមទៀតត្រូវបានកំណត់ឃើញ ធ្វើឲ្យចំនួនទាំងអស់សរុប៣៥នាក់ ដែលបានបាត់បង់ជីវិត ។
លោកបញ្ជាក់ថា ស្ថានកុងស៊ុលឥណ្ឌានឹងជួយសម្រួលគ្រប់បែបយ៉ាងចំពោះក្រុមគ្រួសាររងគ្រោះក្នុងហេតុការណ៍ធ្វើព្យុហយាត្រាហើយបានផ្អើលរត់ជើងគ្នាបណ្តាលឲ្យបាត់បង់ជីវិតនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនេះ ។
មនុស្សជិត១ពាន់នាក់ ភាគច្រើនសុទ្ធតែជាអ្នកដើរព្យុហយាត្រាសាសនាអិស្លាមបានបាត់បង់ជីវិត ។ នេះជាគ្រោះថ្នាក់ទី២បានកើតឡើងទាក់ទងការធ្វើព្យុហយាត្រាសាសនានៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។
កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បង្គោលអង់តែនដ៏ធំមួយបានបាក់សង្កត់ទៅលើក្រុមអ្នកធ្វើព្យុហយាត្រាស្ថិតនៅក្រុងធំរបស់អារ៉ាប៊ីសាអ៊ូឌីតនោះ បណ្តាលឲ្យស្លាប់មនុស្ស១០៩នាក់ ក្នុងនោះក៏មានពលរដ្ឋមកពីប្រទេសឥណ្ឌាផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត