ភ្នំពេញ៖ អ្នកស្រី នោ សាទៈ ជនជាតិចាមនិងជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន បានជម្រាបជូនអង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៥ នេះ ថាអ្នកស្រី និងជនជាតិចាមដទៃទៀតអាចរស់រានមានជីវិតពីការសម្លាប់ផ្តាច់ពូជរបស់ខ្មែរក្រហមបានដោយសារតែអ្នកស្រីបានកុហកថាជាជនជាតិខ្មែរ។ បច្ចុប្បន្ននេះមានអាយុ៥៤ ឆ្នាំ អ្នកស្រី នោ សាទៈ រស់នៅក្នុងឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅទីនោះ ក្រុមខ្មែរក្រហមបានធ្វើការបង្ក្រាបទៅលើការបះបោររបស់ជនជាតិចាម និងមានការចាប់ខ្លួន សម្លាប់ទៅលើជនជាតិជាច្រើននាក់ ហើយក្រោយមកបានជម្លៀសពួកគេចេញពីតំបន់នោះឱ្យទៅរស់នៅក្នុងភូមិរបស់ពលរដ្ឋខ្មែរ។
ដើមបណ្តឹងរដ្ឋប្បវេណី នោ សាទៈ បានថ្លែងថាអ្នកស្រីបានបាត់បង់ឱពុកម្តាយរបស់អ្នកស្រីដោយក្រុមខ្មែរ ក្រហមយកទៅសម្លាប់ចោល ហើយបានឃើញពីការចាប់ខ្លួនទៅលើជនជាតិចាមដទៃទៀត និងបានបញ្ជូនទៅកាន់ ស្រុកផ្សេងដើម្បីសម្លាប់ចោល។ អ្នកស្រីបានថ្លែងថាដោយសារតែខ្មែរក្រហមបានធ្វើទុក្ខបុកម្នេញខ្លាំងពេកមកលើ ជនជាតិចាម ដោយមិនបានលុបបំបាត់សាសនា ជំនឿទំនៀមទម្លាប់ និងការគោរពប្រតិបត្តិផ្សេងៗ រហូតដល់ការ ប្រមូលគម្ពីរគួរអានយកទៅដុតចោល និងបំផ្លិចបំផ្លាញព្រះវិហារឥស្លាម បានធ្វើឱ្យមានការបះបោររបស់ជនជាតិចាមនៅស្វាយឃ្លាំង ប៉ុន្តែលទ្ធផលគឺជនជាតិចាមជាច្រើនត្រូវបានបង្ក្រាប និងបាញ់សម្លាប់ចោល។ អ្នកស្រីបានថ្លែង ថា គ្រាន់តែមួយយប់ ស្ត្រីជនជាតិចាមចំនួនប្រមាណ ២០០ នាក់ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកន្លែងផ្សេងហើយមិនដែលឃើញត្រឡប់មកវិញរហូតមកទល់ពេលនេះ។ អ្នកស្រី សាទៈ បានថ្លែងថាអ្នកស្រីបានឃើញសាកសពរបស់ជនជាតិចាមសម្លាប់ដោយការអារកបណ្តែតទឹក។
អ្នកស្រីបានរៀបរាប់ប្រាប់អង្គជំនុំជម្រះសាលាដំបូងថាខ្លួនអ្នកស្រី និងជនជាតិចាមដទៃទៀតដែលបន្លំថា ជាជនជាតិខ្មែរនោះត្រូវបានខ្មែរក្រហមចាប់បង្ខំឱ្យហូបសាច់ជ្រូក។ បើតាមការអះអាងរបស់ជនរងគ្រោះ កម្មាភិបាល ខ្មែរក្រហមនៅតំបន់នោះបានឈរមើលដោយផ្ទាល់ដើម្បីអាចដឹងថាអ្នកណាមិនហ៊ានហូបសាច់ជ្រូក អ្នកនោះជា ជនជាតិចាមដែលត្រូវតែចាប់ខ្លួន និងសម្លាប់ចោល។ ជនរងគ្រោះ នោ សាទៈ បានលើកឡើងថា អ្នកស្រីបានបង្ខំ ចិត្តហូបសាច់ជ្រូកដើម្បីបានរស់។ ចំណែកឯបងប្អូនរបស់គាត់ដែលជាជនជាតិចាមដែរត្រូវបានខ្មែរក្រហមតម្រូវឱ្យ ចិញ្ចឹមជ្រូក។ អ្នកស្រីបញ្ជាក់ថា នៅក្នុងរបបខ្មែរក្រហម គឺមិនអនុញ្ញាតឱ្យនិយាយភាសាចាម និងថ្វាយបង្គុំឡើយ។ ជនរងគ្រោះ នោ សាទៈ បានថ្លែងប្រាប់អង្គជំនុំជម្រះថារហូតមកទល់ពេលនេះ អ្នកស្រីមានការរងទុក្ខខ្លោច ផ្សាយ៉ាងខ្លាំងដោយសារតែបាត់ឪពុកម្តាយ និងបងប្អូន។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានថ្លែងថាចាប់តាំងពីថ្ងៃទី៧ ខែកញ្ញា រហូតមកទល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៥ អ្នកជំនុំជម្រះសាលាដំបូងបានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សី និងដើមបណ្តឹងរដ្ឋ ប្បវេណីចំនួន ៩ រូបហើយពាក់ព័ន្ធនឹងអង្គហេតុការប្រព្រឹត្តទៅលើជនជាតិចាម។ យោង តាមគម្រោង អង្គជំនុំជម្រះសាលាដំបូងនឹងកោះហៅសាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១៤ រូប និងអ្នកជំនាញ មួយរូបមកផ្តល់សក្ខីកម្មទាក់ទងនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាមនេះ ៕