ភ្នំពេញ៖ កាលពីថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2015 បុគ្គលិក ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានចុះជួយលាបថ្នាំសាលាបឋមសិក្សារបោះអង្កាញ់ ក្រោមការដឹកនាំរបស់លោក Roland Bala អគ្គនាយកក្រុមហ៊ុន និងមានការចូលរួមជាអធិបតីដោយលោក អ៊ុយ ផាន មេភូមិរបោះអង្កាញ់ លោក អ៊ុក ធឿនហ៊ន នាយករង ព្រមទាំងលោកគ្រូអ្នកគ្រូ នៃសាលាបឋមសិក្សារបោះអង្កាញ់ជាច្រើនរូបទៀត។
ក្នុងឱកាសដ៏ពិសេសនេះ លោក Roland Bala អគ្គនាយកក្រុមហ៊ុន បានមានប្រសាសន៏ថ្លែងអំណរគុណដល់បុគ្គលិករបស់ក្រុមហ៊ុនទាំងអស់ ដែលបាន ស្ម័គ្រចិត្ត ចូលរួមលាបថ្នាំសាលាបឋមសិក្សារបោះអង្កាញ់នៅថ្ងៃនេះ។ លោកបានរម្លឹក ផងដែរថា តាំងពីយើងចាប់ផ្តើមគំរោងកែលំអរសាលារៀននេះកាលពីឆ្នាំទៅ ចំនួន សិស្សានុសិស្សបានកើនឡើងដល់ ៣៤៧នាក់ ស្មើរនឹង១៩%។ យើងបានទទួល ពត៌មានត្រឡប់ពីសាលារៀននិងអាណាព្យាបាលសិស្សមកថា មូលហេតុដែលនាំឲ្យមាន កំនើនសិស្សានុសិស្សច្រើនបែបនេះគឺ ដោយសារមានអគារស្អាត និងគ្រឿងបរិក្ខារ ល្អប្រសើរជាងមុន។
លោកមានប្រសាសន៏បន្តទៀតថា សាលារៀនមានសារៈសំខាន់ណាស់ ពីព្រោះ ការអប់រំដ៏ល្អនឹងផ្តល់មូលដ្ឋានគ្រឹះដ៏ល្អសំរាប់អនាគរបស់សិស្សានុសិស្ស។ យើងមាន សេចក្តីរីករាយ ដែលបច្ចុប្បន្នបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ភាគច្រើន មានជនជាតិខ្មែរ។ ទាំងនេះវាអាចកើតមានឡើង ដោយសារការទទួលបានការអប់រំដ៏ល្អ ការខិតខំប្រឹងប្រែង និង ការពេញចិត្តធ្វើអ្វីដែលប្រសើរជាងមុន។
លោកបានបន្ថែមទៀតថា ឆ្នាំនេះក្រុមហ៊ុនស្រាបៀរថៃហ្គ័របានកសាងរបងព័ទ្ធជុំវិញ សាលារៀន ហើយដោយឡែក ថ្ងៃនេះបុគ្គលិកយើងទាំងអស់គ្នាមកជួយលាបថ្នាំអគារសាលាមួយខ្នងបន្ថែមទៀត។ លោកសង្ឃឹមថា ជាមួយនឹងអគារស្អាត និងគ្រឿងបរិក្ខារ ល្អប្រសើរជាងមុន អាណាព្យាបាលកាន់តែច្រើននឹងបញ្ជូលបុត្រធីតាមកសាលារៀន ដើម្បី ឲ្យពួកគេមានឱកាសទទួលបានអនាគតកាន់តែប្រសើរ។
ជាមួយគ្នានោះដែរ លោកអ៊ុក ធឿនហ៊ន នាយករងសាលាបឋមសិក្សារបោះអង្កាញ់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអគ្គនាយកក្រុមហ៊ុន ព្រមទាំងសហការី ទាំងអស់ដែលបានចំណាយថវិកា រួមទាំងកម្លាំងកាយចិត្ត ជួយដល់សាលាឱ្យមានការ រីកចំរើន ហើយសង្ឃឹមថា លោកអគ្គនាយកក្រុមហ៊ុនព្រមទាំងសហការីនឹងបន្តជួយឧបត្ថម្ភ នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
គួររម្លឹកផងដែរ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែ ចូលរួមសកម្មភាពនានា ក្នុងការអភិវឌ្ឍន៏សហគមន៍ និងផ្ដោតការយកចិត្ដទុកដាក់ជាពិសេសលើការប្រព្រឹត្ដខ្លួនជាសហគ្រាសមួយដែលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ៕