ឳពុកកម្មករសំណង់សំពះអង្វរស្រក់ទឹកភ្នែក សុំឲ្យតុលាការខេត្តកណ្ដាល ដោះលែងកូនប្រុសមានជំងឺវិកលចរិត

ចែករំលែក៖

ខេត្តកណ្ដាល ៖ ឳពុកជាកម្មករសំណង់សំពះអង្វរស្រក់ទឹកភ្នែក សុំឲ្យកញ្ញា អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ដោះលែងកូនប្រុស ដែលលោកអះអាងថា មានជំងឺវិកលចរិត ។ លោក ភ័យខ្លាចថា កូនប្រុសអាចស្លាប់ក្នុងពន្ធនាគារ ប្រសិនបើពុំមានការព្យាបាលត្រឹមត្រូវទេនោះ ។

លោក ហៀច ណាវ អាយុ៤៤ឆ្នាំ មានទីលំនៅភូមិពេជ្ជនា ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ហើយមកធ្វើការសំណង់នៅកោះពេជ្រ រៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសឈ្មោះ ម៉េង ខ្លូត អាយុ២២ឆ្នាំ មានជំងឺនេះជាង៣ឆ្នាំហើយ ។ កូនប្រុស ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចម៉ូតូ ហើយត្រូវបានឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ។

លោក បន្តថា បច្ចុប្បន្នកូនប្រុសមានអាការៈធ្វើទុក្ខខ្លាំង ហើយលោកបារម្ភខ្លាចកូនអាចស្លាប់ក្នុងពន្ធនាគារ ។ លោកសុំយ៉ាងទទូចសុំឲ្យតុលាការដោះលែងកូនប្រុសផង ។

យោងតាមវិញ្ញាបនបត្រសុខភាព ចេញដោយលោកវេជ្ជបណ្ឌិត គឹម ចាន់ថន គ្រូពេទ្យព្យាបាលបម្រើការនៅមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ កាលពីថ្ងៃទី១ ខែឧសភា បញ្ជាក់ថា ឈ្មោះ ម៉េង ខ្លូត ភេទប្រុស កើតថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៩៤ មានជំងឺវិកលចរិត បានទទួលការព្យាបាលចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ និង កំពុងបន្តការព្យាបាល ។

លោកបន្តថា រសៀលមកទល់ពេលនេះ តុលាការពុំទាន់សម្រេចបែបណានៅឡើយទេ ក្រោយការសុំដោះលែងជាច្រើនលើកច្រើនសារ ។

ពាក់ព័ន្ធបញ្ហានេះ នៅរសៀលថ្ងៃទី២៤ ខែឧសភា ពុំទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីកញ្ញា អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បាននៅឡើយទេ ព្រោះទូរស័ព្ទចូលគ្មានអ្នកទទួល ៕  ដោយ៖ចេស្តា

...

36d3fe29-9188-4caa-be03-b1cb7fe45e7f 04e3d52e-357a-4d6a-9f45-e89c657ec7ee 72e6da9b-1f05-460b-9684-39bc6ddf101b 7f929f05-473a-4cf9-80e7-c676d5143e3c

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print