ខេត្ដសៀមរាប៖ និស្សិតរៀននៅ សាកលវិទ្យាល័យ South-East Asia ត្រូវកម្លាំងសមត្ថកិច្ចនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្ដសៀមរាបចាប់ខ្លួនកាលពី វេលាម៉ោង១២ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៥ នៅក្នុងខេត្ដសៀមរាប ។
ការចាប់ខ្លួនជនសង្ស័យខាងលើគឺ ដោយសារជននេះជាប់ចោទពីបទគំរាមបោកគ្រាប់បែកសម្លាប់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង ជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃតាមប្រព័ន្ធ ទំនាក់ទំនងសង្គម(ហ្វេសប៊ុក) ។
លោកវរសេនីយ៍ ភឹង ចិន្ដារ៉េត នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្ដសៀមរាបបានដឹងថា ជនដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធគំរាមបោកគ្រាប់បែកសម្លាប់ថ្នាក់ដឹកនាំនេះ ឈ្មោះ តៅ សាវឿន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្ដសៀមរាប ។
លោក ភឹង ចិន្ដារ៉េត បានបញ្ជាក់ថា ជនសង្ស័យរូបនេះបាន Comment នៅ ក្នុងទំព័រFacebook (Savoeun Tao) របស់ខ្លួនដោយសរសេរថា “ចាំសម្ដេច មកដល់នាំគ្នាដាក់គ្រាប់បែកឱ្យងាប់ទាំងអស់គ្នាម្ដង”។ ការបង្ហោះនេះបានសរសេរ និង Comment កាលពីថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០១៥ មុនពីរថ្ងៃដែលសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិ បតីក្នុងពិធីប្រគល់សញ្ញាបត្រ ប័ណ្ណ សរសើរ និងអាហារូបករណ៍ដល់និស្សិត ជ័យលាភី១.០៨៩នាក់នៃសាកលវិទ្យា ល័យSouth-East Asiaខេត្ដសៀមរាប ។
បច្ចុប្បន្ននិស្សិតដែលបានគំរាមបោក គ្រាប់បែកសម្លាប់សម្ដេចក្រឡាហោម តាមហ្វេសប៊ុកត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ដើម្បីផ្ដន្ទា ទោសតាមច្បាប់ ។
គួររំលឹកថា កាលពីដើមខែកញ្ញា ឆ្នាំ ២០១៥ ថ្មីៗកន្លងទៅនេះសមត្ថកិច្ចបាន ចាប់ខ្លួនបុរសម្នាក់ឈ្មោះ ផង់ សីហា ដែលបានសរសេរគំរាមបាញ់សម្លាប់ លោក សុខ ទូច បង្ហោះតាមហ្វេសប៊ុក ដែលមានឈ្មោះ សី ហ៊ុយ (Sey Hu) ។ តាមការពិតឈ្មោះ សី ហ៊ុយ ជាឈ្មោះ នៅហ្វេសប៊ុក រីឯឈ្មោះពិត ផង់ សីហា។ ដូច្នេះការចាប់ខ្លួនជនគំរាមនិងប្រមាថ អាយុជីវិតគេបែបគ្មានសីលធម៌ជាសារ មួយប្រាប់ដល់អ្នកនិយមសប្បាយលេង ហ្វេសប៊ុកប្រយ័ត្នជាប់គុកដូចជនសង្ស័យខាងលើនេះ ៕
ដោយ៖ សហការី