ខេត្តកំពង់ឆ្នាំង៖ អាវុធហត្ថស្នាក់ការ៥០១ផ្ទុះអាវុធជាង១០គ្រាប់បង្រ្កាបក្មេងស្ទាវមួយក្រុមដែលឈ្លោះដេញវ៉ៃគ្នា ក្នុងពេលរាំធុងបាស់កាន់បិណ្ឌវេណទី១ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងវត្តចំបក់រង្សី ហៅវត្តក្បាលដំរី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចកងរាជអាវុធហត្ថ ស្នាក់ការ៥០១ បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់បាននោះ ទី១.ឈ្មោះ បៀន ផៃ ភេទប្រុស អាយុ៣៤ឆ្នាំ ទី២.ឈ្មោះ ផល ផេន ភេទប្រុស អាយុ២៥ឆ្នាំ និង ទី៣.ឈ្មោះ ផល វិច ភេទប្រុស អាយុ២៤ឆ្នាំ ជនសង្ស័យទាំង៣នាក់រស់នៅក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ដោយជនរងគ្រោះមានឈ្មោះទូច ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ។
សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃបិណ្ឌទី១ អាវុធហត្ថស្នាក់៥០១ ដែលកាន់ជើងបិណ្ឌនៅវត្តនេះដែរ បានដាក់ធុងបាស់រាំកំសាន្តនៅក្នុងវត្ត ដែលមានអ្នកភូមិជាច្រើនចូលលេង ក្នុងទីអារាមនោះ រហូតដល់ម៉ោងប្រមាណជាង១០យប់ ស្រាប់តែជនសង្ស័យមួយក្រុមបានឈ្លោះប្រកែកគ្នា នឹងបានដេញវាយតប់គ្នាពេញវត្តតែម្តង ។ ឃើញសភាពការណ៍បែបនេះកម្លាំងអាវុធហត្ថដែលប្រចាំការនៅទីនោះ បានចូលឃាត់ ប៉ុន្តែស្ទាវទាំងពីរក្រុមមិនស្តាប់រឹតតែ ធ្វើសកម្មភាពដេញវាយគ្នាថែមទៀត ដោយសារតែឃាត់មិនស្តាប់អាវុធហត្ថស្នាក់ការ៥០១ បានសម្រេចចិត្តបាញ់ឡើងលើអស់ជាង១០គ្រាប់ដើម្បីទប់ស្កាត់កុំអោយមានហិង្សាដាក់គ្នា ។
ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់មនុស្ស៣នាក់ដែលជាជនបង្ក បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕
ដោយ៖ ចន្ថា