តុលាការ​ចោទប្រកាន់​បុរស​អាមេរិក​ម្នាក់​ពី​បទ​គំរាម​កំហែង​ហេក​កេរ្តិ៍​ តែ​ចៅក្រម​ពុំ​ទាន់​សម្រេច​ឃុំ​ឬ​មិន​ឃុំ​

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិអាមេរិកម្នាក់ ត្រូវបានចោទ ប្រកាន់ នៅព្រឹកថ្ងៃទី២៧ ខែឧសភា នេះ ពាក់ព័ន្ធបទល្មើសគំរាមកំហែងហែកកេរ្តិ៍ ។

មន្ត្រីតុលាការសុំមិនបញ្ចេញឈ្មោះ បញ្ជាក់ថា លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់បុរសឈ្មោះ MARK ALAN UANDEW ATER អាយុ៦៧ឆ្នាំ មុខរបរអ្នកជំនួញ ពីបទគំរាមកំហែងហែកកេរ្តិ៍ តាមមាត្រា២៧២និង២៧៣នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៤លានរៀលទៅ១០លានរៀល ។

មន្ត្រីដដែល បន្តថា ជនត្រូវចោទនិងសំណុំរឿងត្រូវបានបញ្ជូនទៅលោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ។ ប៉ុន្តែពេលនេះ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។

ដំណើររឿងក្តីនេះ ត្រូវបានប្រភពព័ត៌មាន បញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យបានផ្ញើសារអេឡិចត្រូនិចជាភាសារអង់គ្លេសទៅមិត្តភក្ដិម្នាក់ ដោយគំរាមទារប្រាក់ចំនួនមួយម៉ឺនដុល្លារអាមេរិក ។

ប្រភពបន្តទៀតថា ជនសង្ស័យបានផ្ញើទូរសារចូលទៅមិត្តភក្ដិនោះចំនួន៥លើក ក្នុង១លើកៗ គេទារ ២០០០ដុល្លារ ដោយគំរាមថាបើមិនឲ្យទេគេ និងប្រាប់ទៅប្រពន្ធនៅប្រទេសវៀតណាមថា អ្នកឯងមានស្រីនៅស្រុកខ្មែរ ។

បន្ទាប់ពីមានការគំរាមចំនួន៥លើកដដែលៗនោះ ជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅនគរបាលនាយកដ្ឋានប្រឆាំងបទល្មើបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ឲ្យជួយចាត់ការលើជនខិលខូចនេះ ។

សមត្ថកិច្ចបានស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ នៅភោជនីយដ្ឋានគិរីរម្យ ក្នុងខណ្ឌចំការមន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ៕ ដោយ៖ចេស្តា

...

IMG_3641

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print