ខេត្តត្បូងឃ្មុំ ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ក្រោយបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំបុកជាមួយម៉ូតូ បន្ទាប់ពីហេតុការណ៍នេះកើតឡើងអ្នកបើករថយន្តបានបង្កើនល្បឿនបើកគេចខ្លួនបាត់ស្រមោលតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨និង១០នាទីយប់ ថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៨ ចន្លោះបង្កោលភ្លើង (147-148) ក្នុងភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចផ្នែកចរាចរស្រុកពញាក្រែកបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកសេ១២៥ ពណ៌ ខ្មៅ ស្លាកលេខរតនគីរី1A-1775 បើកដោយឈ្មោះ លាង នី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានស្លាប់នៅកន្លែងកើតហេតុ និង អ្នករួមដំណើរជាមួយឈ្មោះ ឈី វ៉ាន់ឆែ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកក្រញូង ឃុំវាល ម្លូរ ស្រុកពញាក្រែក បានរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកពញាក្រែក ដោយសារអាការរបួសធ្ងន់ពេក ។
ចំណែកភាគីរថយន្តបង្កហេតុ ជាប្រភេទរថយន្តធុនធំ មិនស្គាល់អត្តសញ្ញាណទេព្រោះក្រោយកើតហេតុ អ្នកបើកបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមាល ។
ករណីខាងលើនេះ កម្លាំងជំនាញកំពុងបន្តការស្រាវស្វែងរកភិនភាគរថយន្តខាងលើ ដើម្បីឃាត់អ្នកបើកបរយកមកដោះស្រាយតាមច្បាប់ ៕ វណ្ណះ