ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ក្រុមការងារសហព័ន្ធ សហភាពយុវជនកម្ពុជា ដឹកនាំដោយអ្នកស្រី ហ៊ុន ដានី ចុះទៅជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សដែលទទួលបាននិទ្ទេសខ្ពស់ជាងគេនៅវិទ្យាល័យឈូកវ៉ា ស្ថិតនៅភូមិសាស្ត្រសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្ស និងលោកគ្រូ-អ្នកគ្រូគឺ អ្នកស្រី ហ៊ុន ដានី បានផ្តល់ការណែនាំដល់សិស្សដែលទទួលបាននិទ្ទេសខ្ពស់ជាងគេនៅក្នុងសាលាឲ្យខិតខំ រៀនសូត្របន្ថែមដើម្បីអនាគត់ខ្លួនឯង និងប្រទេសជាតិផង។ អ្នកស្រីក៏បានណែនាំបន្ថែមដល់ សិស្សមិនបានទទួលជ័យលាភីឲ្យបន្តខិតខំរៀនសូត្រឲ្យបានខ្លាំងក្លា ហើយកុំអាក់អន់ស្រពន់ចិត្ត ត្រូវតស៊ូដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយ ជាពិសេសកុំដើរផ្លូវខុសចៀសឲ្យផុតពីបញ្ហាថ្នាំញៀន បើយើងប្រព្រឹត្តប្រាកដជាខូចអនាគត ។
ក្នុងនោះអ្នកស្រី ហ៊ុន ដានី ក៏បានពាំនាំនូវថវិកាផ្តល់ជូនសិស្សដែលទទួលបាននិទ្ទេស ខ្ពស់ជាងគេនៅក្នុងវិទ្យាល័យឈូកវ៉ា គឺសិស្សឈ្មោះ សៀក ស្រីលាង ភេទស្រី អាយុ១៨ឆ្នាំ ទទួលបានថវិកាចំនួន៨០ម៉ឺនរៀល ប័ណ្ណសសើរ១សន្លឹក និងសិស្សឈ្មោះ តាត កែវមុនី ភេទស្រី អាយុ១៨ឆ្នាំ ទទួលបានថវិកាចំនួន៦០ម៉ឺនរៀល ប័ណ្ណសរសើរ១សន្លឹកផងដែរ ៕
ដោយ៖ តាឡឹម