រាជធានីភ្នំពេញ៖ ស្រវឹងស្រាបើករថយន្តព្រូសបុកជិះម៉ូតូ MSXបណ្តាលឱ្យយុវជន២នាក់បានរងរបួសធ្ងន់សង1500ដុល្លារបញ្ចប់រឿង។ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវលេខ៣៦០ ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រពភព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកMSX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1BT-7739 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦០ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចស្តុបមេភ្លើង កែងនឹងផ្លូវព្រះមុន្នីវង្ស ក៏បានបត់ឆ្វេងឆ្លងផ្លូវ ភ្លាមៗនោះក៏ស្រាប់តែមានរថយន្តព្រូសមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-0830 បើកបរដោយនារីម្នាក់តាមបណ្តាយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏បានជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដោលឱ្យដួលបោកអូសម៉ូតូប្រមាណជាង២០ម៉ែត្រ និងបណ្តាលឲ្យយុវជនទាំង២នាក់ រងរបួសធ្ងន់ដេកដួលសន្លប់ស្តូកស្តឹងនៅនឹងកណ្តាលថ្នល់ ក៏ត្រូវបានអ្នកធ្វើដំណើរនៅតាមផ្លូវជួយលើកមកអែបខាង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា បន្ទាប់ពីរថយន្តបង្កក៏មិនបានឈប់ដោះស្រាយនោះទេ គឺបានព្យាយាមបើករត់គេចខ្លួនរហូត ប៉ុន្តែត្រូវបានប្រជាពលរដ្ឋបានដេញតាមពីក្រោយ រហូតក៏ធ្វើឱ្យផ្អើលដល់សមត្ថកិច្ច ធ្វើការឃាត់រថយន្តបាននៅម្តុំកោះពេជ្រ។
ក្រោយមកសមត្ថកិច្ចក៏បាននាំរថយន្តបង្កមកកន្លែងកើតហេតុវិញ ហើយពេលនោះជនរងគ្រោះទាំង២នាក់ក៏បានដឹងខ្លួន ហើយក៏បានធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្កបានចេញសងនូវថ្លៃខូចខាតម៉ូតូ និងថ្លៃព្យាបាលចំនួន1500ដុល្លារ ចំណែកជនរងគ្រោះក៏ព្រមទទួលព្រោះមិនចង់មានរឿងវែងឆ្ងាយក៏បានបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែមង្ត ៕
...
ដោយ៖ ស រស្មី