ភ្នំពេញ៖ បើទោះបីជាច្រើនលើកច្រើនគ្រាក្រសួងពាណិជ្ជកម្ម ក៏ដូចជាប្រមុខ រាជរដ្ឋាភិបាលអំពាវនាវឱ្យក្រុមហ៊ុនប្រេងឥន្ធនៈក្នុងប្រទេសបញ្ចុះតម្លៃស្របទៅតាមម្លៃទីផ្សារអន្ដរជាតិក៏ដោយ ក៏ក្រុមហ៊ុនប្រេងឥន្ធនៈទាំងអស់មិនអនុវត្ដ តាមដែរ ។ ឆ្លើយតបនឹងបញ្ហានេះ ក្រសួង ពាណិជ្ជកម្មលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបើកកិច្ចប្រជុំជាមួយក្រុម ហ៊ុនប្រេងឥន្ធនៈទាំងនោះ ដើម្បីស្វែងរក ដំណោះស្រាយស្របតាមតម្លៃប្រេងនៅ លើទីផ្សារអន្ដរជាតិ ។
លោករដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម អះអាងថា ពេលនេះរាជរដ្ឋាភិបាលកំពុង រៀបចំជារូបមន្ដមួយ ដើម្បីកំណត់តម្លៃ ប្រេងឥន្ធនៈ ប្រយោជន៍ធានាថាក្រុម ហ៊ុនប្រេងឥន្ធនៈទាំងអស់នឹងលក់ប្រេង ទៅតាមតម្លៃមួយដែលសមស្របទៅនឹងតម្លៃទីផ្សារអន្ដរជាតិដោយមិនចំណេញ ហួសហេតុពេកទេ ។ លោកទេសរដ្ឋមន្ដ្រី បានបន្ថែមថា ក្រសួងពាណិជ្ជកម្មស្នើឱ្យ ក្រុមហ៊ុនប្រេងឥន្ធនៈទាំងអស់ ផ្ដល់ទិន្ន ន័យលើការចំណាយ និងចំណូលនៃការ ទិញរួមទាំងតម្លៃប្រេងទិញចូល ,តម្លៃដឹក ជញ្ជូន និងតម្លៃនៅតាមស្ថានីយនីមួយៗ ។
ក្រសួងពាណិជ្ជកម្មនឹងពិនិត្យមើលរូប មន្ដសម្រាប់ការកំណត់តម្លៃប្រេង និង រកការយល់ព្រមពីក្រុមហ៊ុននៅសបា្ដហ៍ ក្រោយ ។ លោករដ្ឋមន្ដ្រីមានប្រសាសន៍ ថា “១លីត្រលក់ថ្លៃប៉ុន្មាន? ព្រោះយើង ដឹងតម្លៃទិញចូល ថ្លៃប៉ុន្មានហើយ? ដឹក ជញ្ជូនយើងដឹង ដូច្នេះយើងអាចធ្វើតួលេខ ហ្នឹងបាន ហើយក្រុមហ៊ុនមិនអាចចេះតែ ថាមិនចំណេញនោះទេ យើងនិយាយ ច្បាស់លាស់ជាមួយគ្នា ”។
បច្ចុប្បន្ននេះ តម្លៃប្រេងសាំងនៅតាម ស្ថានីយនានានៅរាជធានីភ្នំពេញ មាន តម្លៃចាប់ពី៣៨០០រៀលទៅ៣៩០០រៀល ក្នុង១លីត្រ ។ ស្របគ្នានេះដែរ តម្លៃប្រេង ឆៅនៅថ្ងៃទី១ ខែតុលា ម្សិលមិញ ក្នុង ១បារ៉ែលតម្លៃ៤៨,៣២ដុល្លារ ។ បើប្រៀប ធៀបនឹងតម្លៃនេះឃើញថា ប្រេងនៅក្នុង ប្រទេសកម្ពុជា ថ្លៃស្ទើរទ្វេរដងជាមួយ និងប្រទេសជិតខាង ។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា នឹងមានក្រុមការងារ មួយចុះពិនិត្យជាប្រចាំនៅគ្រប់ស្ថានីយ ប្រេងទាំងអស់ ដើម្បីពិនិត្យមើលគុណ ភាព និងបរិមាណប្រេង ហើយក្រុមហ៊ុន នឹងត្រូវទទួលការផាកពិន័យ ក្នុងករណី លក់ប្រេងមិនតាមការកំណត់ និងនៅ ពេលមានភាពមិនប្រក្រតីកើតឡើង ។ លោកទេសរដ្ឋមន្ដ្រីមានប្រសាសន៍យ៉ាង ដូច្នេះថា “ក្រុមការងារយើងហ្នឹង៣ក្រសួង នេះ និងសហការគ្នាត្រួតពិនិត្យគ្រប់ជ្រុង ជ្រោយលើគុណភាព និងបរិមាណប្រេង ដើម្បីកំណត់លើរូបមន្ដ ដែលអាចទទួល យកបានទាំងអស់គ្នា” ។ មន្ដ្រីក្រៅអង្គការរដ្ឋាភិបាលយល់ ឃើញថា តម្លៃប្រេងនៅកម្ពុជាបច្ចុប្បន្ន អាចលក់ត្រឹមតម្លៃ២៨០០រៀលទៅ ៣០០០រៀលក្នុង១លីត្រ បើសិនក្រុមហ៊ុន មានឆន្ទះបញ្ចុះ ហើយរាជរដ្ឋាភិបាល មានយន្ដការច្បាស់លាស់ក្នុងការរឹត បន្ដឹង ។ មានន័យថា តម្លៃប្រេងលក់នៅ តាមស្ថានីយសព្វថ្ងៃខ្ពស់ជាងប្រទេសជិត ខាងប្រមាណ១០០០រៀល ។ បើតាមអ្នក សេដ្ឋកិច្ចយល់ឃើញថា លទ្ធភាពនៃការ ចុះថ្លៃប្រេង មិនលំបាកពេកទេ ។ យ៉ាង ណាក៏ដោយ គេវាយតម្លៃថា វិធានការ តឹងរឹងរបស់រាជរដ្ឋាភិបាល គឺជាអន្លូង មួយដ៏សំខាន់សម្រាប់ជាវិធានការក្នុង ការកំណត់តម្លៃប្រេង ។
ប្រធានគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ មួយកន្លែង ឋិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ីបានថ្លែងថា តម្លៃប្រេង បច្ចុប្បន្ន គឺសមរម្យ ហើយមិនអាច បញ្ចុះបានទេ ប៉ុន្ដែទទួលស្គាល់ថា ការ ពិភាក្សា ឬវិធានការជាក់លាក់ណាមួយ របស់រាជរដ្ឋាភិបាលអាចនឹងធ្វើឱ្យក្រុមហ៊ុនប្រេងឥន្ធនៈទាំងអស់បញ្ចុះតម្លៃ ។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីបានថ្លែង រិះគន់ចំពោះក្រុមហ៊ុនប្រេងឥន្ធនៈដែល ថាដំឡើងថ្លៃលឿន ប៉ុន្ដែធ្លាក់ថ្លៃយឺត ។ សម្ដេចមានប្រសាសន៍ថា “ប្រេងនៅ លើពិភពលោក វាចុះថ្លៃ ប៉ុន្ដែអស់លោក ចុះវាយឺតពេក” ។ ដល់វាឡើងៗលឿន ឯណោះ គ្រាន់តែឡើងនៅញូវយ៉កភ្លាម ភ្នំពេញឡើងភ្លែត ។ វាមិនទាន់ទិញប្រេង ពីញូវយ៉កមកពីអង្កាល ស្រាប់តែវាឡើង នៅភ្នំពេញ ដល់ពេលនៅឯញូវយ៉កធ្លាក់ ថ្លៃយូរហើយ ឯងមិនព្រមធ្លាក់ ។ សម្ដេច បន្ដថា តម្លៃប្រេងកើនឡើង ប៉ុន្ដែនៅ ពេលដែលពិភពលោកធ្លាក់ចុះ តម្លៃប្រេង នៅកម្ពុជាមិនធ្លាក់ទេ ។ សម្ដេចស្នើឱ្យ ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ ពិនិត្យលើរឿងនេះ ។
បើទោះយ៉ាងណាក៏ដោយ តម្លៃប្រេង នៅវេលានេះ នៅតែថ្លៃ នៅគ្រាដែល ក្រសួងពាណិជ្ជកម្មបានកោះហៅតំណាង ក្រុមហ៊ុនប្រេងទាំងអស់មកពិភាក្សាគ្នា រកដំណោះស្រាយក៏ដោយ ។ តាមរយៈ វិធានការរបស់ក្រសួងពាណិជ្ជកម្ម និង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត គេរំពឹងថា តម្លៃប្រេងនៅកម្ពុជាអាចនឹងប្រដំប្រសង និងប្រទេសជិតខាង ៕
ដោយ៖ ហេង សូរិយា