ខេត្តកំពង់ឆ្នាំង៖ មុខសញ្ញាជនសង្ស័យ ចោរឆក់កាបូប និង កាច់សោកម៉ូតូដ៏សកម្មម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ដេញស្ទាក់ចាប់បានទាំងព្រលឹម ក្រោយពីបានធ្វើសកម្មភាព ឆក់ការបូបប្រជាពលរដ្ឋ ។
ហេតុការណ៍ដេញចាប់ចោរឆក់នេះគឺធ្វើឡើងកាលពីវេលា ម៉ោង៧ និង១៥នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ នៅភូមិសូភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានអោយដឹថា ជនសង្ស័យចាប់បានមានឈ្មោះ ចាន់ សុទ្ធា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាពុក ឃុំតាពុក ស្រុកពុកឬស្សី ខេត្តកណ្តាល ។ ក្រោយពីចាប់បានសមត្ថកិច្ចបានរកឃើញនូវវត្ថុតាងមាន ម៉ូតូហុងដាសេ១២៥ ឆ្នាំ២០១៥ មួយគ្រឿង សោរខ្សៀសម្រាប់កាច់កម៉ូតូ១ ដង្កាប់១ និងកាបូបមួយផងដែរ ។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី២តុលា ជនសង្ស័យមានគ្នាចំនួនពីរនាក់ជិះម៉ូតូសេ១២៥ឌុបគ្នា ក្នុងទិសដៅពីជើងទៅត្បូង នៅពេលមកដល់ចំណុចមុខវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ បានឆក់ការបូបប្រជាពលរដ្ឋ រួចបើកម៉ូតូគេចខ្លួនតែត្រូវប្រជាពលរដ្ឋស្រែកអោយជួយ ហើយសមត្ថកិច្ចដែលនៅក្បែរនោះដេញតាមស្ទាក់រហូតដល់វាលស្រែ ក្នុងភូមិសូភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ចាប់បានតែម្តង។
ក្រោយពីធ្វើការសាកសួរសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ បានកសាងសំណុំរឿបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី ។
ប្រជាពលរដ្ឋបានអោយដឹងថា ក្នុងរយៈពេលចុងក្រោយនេះនៅក្នុងក្រុងកំពង់ឆ្នាំង និង ស្រុករលាប្អៀរ នាពេលកន្លងមកនេះ សកម្មភាពកាច់កម៉ូតូ និង ឆក់ការបូបប្រជាពលរដ្ឋហាក់បីដូចជាមានសកម្មភាពឡើងវិញ ធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពក្នុងការធ្វើដំណើរ ទោះបីជាសមត្ថកិច្ចបានចេញល្បាតតាមមូលដ្ឋានយ៉ាងណាក៏ដោយ ៕
ដោយ៖ ចន្ថា