កូនឈើជាច្រើនប្រភេទត្រូវបានចែក និងដាំក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខទិវា ៩កក្កដា នៅសួនច្បារ សាលាខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តឥត្បូងឃ្មុំ៖ ពិធីបុណ្យរុក្ខទិវា ៩កក្កដា ២០១៧ ត្រូវបានរៀបចំធ្វើនៅបរិវេណសួនច្បារសាលាខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៧ ក្រោមអធិបតីភាពលោក ប្រាជ្ញ ច័ន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ឡាន ឆន ប្រធានក្រុមប្រឹក្សាខេត្ត ។ ជាមួយនិងការប្រារព្ធទិវានេះខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំបានដាំ និងចែកកូនឈើជាច្រើនប្រភេទដូចជា នាងនួន បេង ក្រញ៉ូង គគី ឈើទាល ជាដើមរួមទាំងឈើហូបផ្លែជាច្រើនមុខ ដល់សិស្សាសិស្ស ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តដើម្បីយកទៅដាំផងដែរ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ប្រាជ្ញ ច័ន្ទ បានលើកឡើងថា៖ ទិវានេះធ្វើឡើងក្នុងគោលបំណងចំបងដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យព្រៃឈើ ដែលជាសម្បត្តិដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានរបស់ប្រទេសជាតិមាតុភូមិ របស់សហគមន៍ និងរបស់ប្រជាកសិករគ្រប់ៗរូប ក៏ដូចជាការបង្ហាញអោយឃើញអំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សា ការពារ បង្កើនការយកចិត្តទុកដាក់លើសម្បត្តិធម្មជាតិឲ្យមានភាពគង់វង់យូអង្វែង ស្ថិតស្ថេរ រួមចំណែកយ៉ាងខ្លាំងក្លា ដើម្បីសម្រេចអោយបាននូវគោលដៅ អភិវឌ្ឍន៍សហវត្សរ៍ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ លោកបន្តថា ព្រៃឈើគឺជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់មិនត្រឹមតែទ្រទ្រង់ជីវិតមនុស្ស សត្វ ប៉ុណ្ណោះទេថែបទាំងផ្តល់នូវគុណប្រយោជន៍ជាច្រើនទៀតក្នុងការប្រកបរបរ ស្នាក់នៅ សោភ័ណ្ឌភាព។ ជាងនេះទៅទៀតវាផ្តល់នូវតុល្យភាព និងលំនឹងបរិស្ថានធម្មជាតិ ការស្ថិតស្ថេរនៃភពផែនដី ការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ ដូចជាភាពរាំងស្ងួត ទឹកជំនន់ ការកើនឡើងនូវកំដៅជាដើម ។ បើតាមរបាយការណ៍ដែលលើកឡើងដោយលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំបានអោយដឹងថា៖ ក្នុងរយៈពេលមួយឆមាសដើមឆ្នាំ២០១៧ រដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានសម្រេចការងារមួយចំនួនដូចជាការអនុវត្តច្បាប់ បង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ ជាដើម។ របាយការណ៍ដដែលបានអោយដឹងទៀតថា ក្នុងសមត្ថកិច្ចរដ្ឋបាលព្រៃឈើត្បូងឃ្មុំមានសិប្បកម្មកែឆ្នៃផល អនុផលព្រៃឈើ៥ កន្លែង រោងសន្និធិផល៣១កន្លែង មានសហគមន៍ព្រៃឈើ ៦កន្លែង លើផ្ទៃដី១៨២៤ហិចតា៕

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print