ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ មេតុងទីន បាននាំកូនតុងទីនប្រមាណជាង១០០នាក់ មកពី សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ប្រមូលផ្តុំគ្នា នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងទៅសួរនាំ និងចង់ដឹងពីមូលហេតុដែលលោកចៅក្រម សាន សុផាត ដោះលែងកូនតុងទីនម្នាក់ដែលសមត្ថកិច្ចចាប់បញ្ជូនទៅនោះ ។ កូនតុងទីដែលសមត្ថកិច្ច ចាប់បញ្ជូនទៅសាលាដំបូងនោះឈ្មោះ ឡាយ គឹមហួយ ភេទស្រី អាយុ៤៧ មុខរបរ លក់ដូរនៅផ្សារព្រែកលាភ ជាប់ពាក់ព័ន្ធឆបោកប្រាក់មេតុងទីន ប្រមាណជាង២៦៥.៦០០ មុឺនដុល្លាអាមេរិក ។ កូនតុងទីនឈ្មោះ ឡាយ គឹមហួយ ត្រូវបានបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី១៩ មិថុនា និងបានបញ្ជូនដល់ស្ថាប័នអយ្យការ តាំងពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៧ ។ ក្រោយពេលសមត្ថកិច្ចបញ្ជូនដល់ដៃតំណាងអយ្យការហើយ លោក លី សុផាណា ព្រះរាជអាជ្ញារងកាន់សំណុំរឿងនេះ បានធ្វើការចោទប្រកាន់ជាផ្លូវការ ជូនទៅខាងចៅក្រមចាត់ការបន្ត ។ ប៉ុន្តែនៅពេលដល់ដៃចៅក្រមសើបសួរ កូនតុងទីនរូបនោះត្រូវបានដោះលែងឲ្យនៅក្រៅឃុំ មានសេរីភាពជាធម្មតាវិញ ពោលគឺចៅក្រមមានសំអាងហេតុផលគ្រប់គ្រាន់ទើបហ៊ានដោះលែង ។ ក្រោយពីដឹងថាចៅក្រមដោះលែង កូនតុងទីននោះភ្លាមមេតុងទីនជាដើមបណ្តឹង កើតទុក្ខមិនសុខចិត្ត បានប្រមូលកូនតុងទីនប្រមាណជាង១០០នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមិថុនា ដើម្បីសាកសួរលោក សាន សុផាត ពីការដោះលែងកូនតុងទីនដែលគ្មានការឯកភាពពីភាគីដើមបណ្តឹង ។ ខណ:ពេលមេ និងកូនតុងទីនជាង១០០ទៅឈរមុខសាលាដំបូង ដែលខ្លះកាន់បដារូបថតអ្នកស្រី ឡាយ គឹមហួយ ត្រូវតុលាការដោះលែង ខ្លះកាន់មេក្រូកាន់ដៃ ទាមទារសុំឲ្យតុលាការផ្តល់យុត្តិធម៍ដល់ពួកគេ ត្រូវបានឈ្មោះ ឡាយ គឹមហួយ វេចប្រាក់តុងទីនយកទៅជាង២៦ មុឺនដុល្លារដោយគ្មានដំណោះស្រាយ ។
បន្ទាប់ពីឃើញមានមេតុងទីន និងកូនតុងទីន ទៅកុះករស្រែកទាមទាររកយុត្តិធម៍ លោកចៅក្រម បានអនុញ្ញាតិឲ្យចាត់តំណាង៥នាក់ចូលជួប ។ លទ្ធផលបានបញ្ជាក់ប្រាប់ថា មិនមែនជាការដោះលែងឲ្យរួចខ្លួនទេ គឺឈ្មោះ ឡាយ គឹមហួយ តុលាការបានតម្រូវឲ្យដាក់តម្កល់ប្រាក់មួយចំនួន និងឲ្យទៅរកឯកសារសម្រាប់ដោះបន្ទុក តែបានកំណត់១សប្តាហ៍ឲ្យចូលខ្លួនវិញ ដើម្បីជួបតទល់មុខគ្នាជាមួយដើមបណ្តឹង ហើយបើមិនត្រូវគា្នទេតុលាការ និងមាននិតិវិធីបន្ត ។ ចៅក្រមបានប្រាប់តំណាង៥នាក់នោះថា ពេលនេះមេតុងទីនត្រូវដាក់ពាក្យបណ្តឹងមួយទៀត សុំហាមឃាត់អចនលវត្ថុរបស់ភាគីចុងចោទ លោក និង ចេញដីការក្សាការពារភ្លាម ។ ក្រោយពេលមានការបកស្រាយពីលោកចៅក្រម តំណាងទាំង៥នាក់បានយល់ពីអង្គហេតុ និងអង្គច្បាប់ ហើយក៏បាននាំពាក្យទាំងនោះមករៀបរាប់ប្រាប់ក្រុមអ្នកគាំទ្រ ទើបយល់ទាំងអស់គ្នាបានព្រមរំសាយទៅផ្ទះរៀងខ្លួន ៕
ដោយ៖ សហការី