ខេត្តសៀមរាប៖ ក្មេងទំនើង ឬហៅថាក្មេងស្ទាវចំនួន៩នាក់ ត្រូវកម្លាំងនគរបាលស្រុកវ៉ារិន ចុះប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងឈានដល់ធ្វើការឃាត់ខ្លួនយកមកអប់រំ ដោយកោរសក់ ខណៈពួកគេបាននាំគ្នាជិះម៉ូតូហ៊ូកញ្ច្រៀវរួចអូសជន្ទល់តាមផ្លូវសាធារណៈបណ្ដាលឲ្យមានការរំខានដល់ពលរដ្ឋ។
ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង២៣.០០នាទីថ្ងៃទី០១តុលា២០១៥ស្ថិតនៅតាមបណ្តោយផ្លូវសាធារណៈក្នុងភូមិឬស្សីធំនិងភូមិឬស្សីតូចឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប បន្ទាប់ពីអប់រំនិងកោរសក់រួចត្រូវបានក្រុម គ្រួសារធានាយកទៅវិញ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង៩នាក់នោះមានទី១/ឈ្មោះមៀន មួយ ភេទប្រុស អាយុ២៤ ឆ្នាំ ទី២/ឈ្មោះ មឿត ឃ្លោក ភេទប្រុសអាយុ២៧ ឆ្នាំជាមេខ្លោង ទី៣/ឈ្មោះ យើត យ៉ា ភេទប្រុសអាយុ២២ ឆ្នាំ ទី៤/ ឈ្មោះមាន មុំ ភេទប្រុសអាយុ ២០ ឆ្នាំទី៥/ ឈ្មោះ ដឿក ឌា ភេទប្រុសអាយុ១៦ ឆ្នាំ ទី៦/ឈ្មោះ ឃាន សាមេត ភេទប្រុសអាយុ២០ឆ្នាំ ទី៧/ ឈ្មោះ ហួ កុតភេទប្រុសអាយុ១៩ ឆ្នាំ ទី៨/ ឈ្មោះ ទិត្យ ទ័ព ភេទប្រុសអាយុ២៥ ឆ្នាំ ទី៩/ឈ្មោះ រ៉ា ទី ភេទប្រុសអាយុ ១៧ឆ្នាំ ជនទាំងនេះមានទីលំនៅភូមិកំបោរ ឃុំស្វាយស ស្រុកវ៉ារិន។
លោកវរសេនីយទោ ណុប សារ៉ាក អធិការនគរបាលស្រុកវ៉ារិន បានឲ្យដឹង នៅតាមហ្វេសប៊ុកលោក កាលពីរសៀលថ្ងៃទី២ខែតុលាឆ្នាំ២០១៥នេះថា កម្លាំងនគរបាលព្រហ្មទណ្ទចំណុះអធិការដ្ឋាននគរបាលស្រុកវ៉ារិនបានល្បាត និង ពួនស្ទាក់ចាំបង្ក្រាបក្រុមក្មេងស្ទាវជិៈម៉ូតូអូសជន្ទល់ ហ៊ោកញ្ជ្រៀវ ពេលយប់ជាការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ យកមកធ្វើការអប់រំ យើងកម្លាំងយើក៏សំណូមពីសំណាក់ឪពុកម្ដាយអោយយកជាងមកកាត់សក់វែងមានពណ៌មិនសមរម្យចេញ និង អោយអាណាព្យាបាលមកចូលរួមអប់រំ នែនាំពន្យល់អំពីច្បាប់ និង សិលធម៌អំពីការរស់នៅក្នុងសង្គម ឃើញថាឪពុកម្ដាយមានការរីករាយត្រេកអរនិងគាំទ្រសកម្មភាពរបស់នគរបាលយើងនិងប្រគល់ម៉ូតូនិងក្មេងទាំងនោះអោយឪពុកម្ដាយអប់រំនៅក្នុងសង្គមគ្រួសារបន្ត ៕
ដោយ៖ ជានិរន្ដរ៍