កាលពីថ្ងៃទិ១ ខែតុលា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន ណេតាន់យ៉ាហ៊ូ បានអំពាវនាវដោយ ផ្ទាល់ឲ្យមានការចរចាសន្តិភាពជាមួយមេដឹកនាំប៉ាឡេស្ទីនភ្លាមៗ ដែលកម្រឃើញមានសកម្មភាពបែបនេះនាពេលកន្លងមករបស់មេដឹកនាំអ៊ីស្រាអែល ។ លោកបែនចាមិន ក៏បានរិះគន់ដល់សហគមន៍អន្តរជាតិផងដែរទាក់ទងការចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយរដ្ឋាភិអ៊ីរ៉ង់ ។
ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិ លោកបែនចាមីន បានបញ្ជាក់ថា លោកអំពាវនាវឲ្យមានការចរចាសន្តិភាពដោយផ្ទាល់ជាមួយមេដឹកនាំប៉ាឡេស្ទីនឲ្យបានកាន់តែឆាប់កាន់តែប្រសើរ ដោយគ្មានលក្ខខណ្ឌ និងមិនអាចពន្យារពេលតទៀតបានឡើយ ។
ដោយសំដៅទៅលើមេដឹកនាំប៉ាឡេស្ទីន លោក Mahmud Abbas នោះ លោកណេតាន់យ៉ាហ៊ូបានថ្លែងថា សម្រាប់លោក Mahmud Abbas វាជារឿងមិនងាយស្រួលនោះឡើយ ។ វាពិតជាការងារដ៏លំបាក ប៉ុន្តែដើម្បីប្រជាជនរបស់យើង យើងត្រូវតែព្យាយាម ។ បន្តការព្យាយាម ។ ពីព្រោះដើម្បីយើងទាំងអស់គ្នា ប្រសិនបើយើងអាចអង្គុយចុះពិភាក្សាគ្នា និងដោះស្រាយជម្លោះនេះជាមួយគ្នានោះ យើងនឹងសម្រេចបានផ្លែផ្កាសម្រាប់ពលរដ្ឋរបស់យើងជាក់ពុំខាន ។
ការថ្លែងបែបនេះរបស់លោកណេតាន់យ៉ាហ៊ូ គឺកើតឡើងខណៈដែលលោកមានគម្រោងទៅកាន់សហរដ្ឋអាមេរិកដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា នៅឯសេតវិមាននៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ ដែលជាជំនួបលើកទី១ ក្រោយមានការថ្នាំងថ្នាក់រវាងមេដឹកនាំទាំងពីរទាក់ទងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ។
ទំនាក់ទំនងរបស់អាមេរិក អ៊ីស្រាអែលក៏កាន់តែអាក្រក់បន្ថែមទៀត បន្ទាប់ពីលោកនេតាន់យ៉ាហ៊ូ ត្រូវបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលថែមមួយអាណត្តិទៀត ហើយបានអះអាងថា នឹងមិនទទួកយកកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសប៉ាឡេស្ទីននោះ ។
ដោយសារដំណើរចរចាសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនមានការមិនចុះសម្រុងគ្នានោះ ធ្វើឲ្យមានការបារម្ភខ្លាចថា អំពើហិង្សានឹងផ្ទុះឡើងថែមទៀត ដូចដែលធ្លាប់បានកើតឡើងនៅព្រះវិហារ Al-Aqsa ដែនដី Jerusalem នាពេលថ្មីៗកន្លងមកនោះ ហើយអាចនាំឲ្យមានចលាចលកាន់តែខ្លាំងឡើងកើតឡើងនៅទូទាំងដែនដីប៉ាឡេស្ទីនទាំងមូល ។
កាលពីប៉ុន្មានថ្ងៃកន្លងទៅនេហ លោក Abbas បានថ្លែងថា អ៊ីស្រាអែលបានបដិសេធន៍ដោះលែងអ្នកទោសប៉ាឡេស្ទីនដែលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែលនោះ ព្រមទាំងមិនបញ្ឈប់ការសាងសង់លំនៅឋាននោះថែមទៀត ។ ការប្រកាន់ជំហរបែបនេះរបស់ភាគីអ៊ីស្រាអែល មានន័យថា បង្ខំឲ្យប៉ាឡេស្ទីនបោះបង់ចោលការអនុវត្តតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាពេលកន្លងមកនោះហើយ ។
លោក Abbas អះអាងថា យើងមិនអាចបន្តអនុវត្តកិច្ចព្រមព្រៀង ខណៈដែលភាគីអ៊ីស្រាអែលរំលោភបំពាននោះឡើយ។ ការអត់ធ្មត់របស់ប៉ាឡេស្ទីនបានមកដល់ទីបញ្ចប់ហើយ ។
លោកនេតាន់យ៉ាហ៊ូ ក្នុងឱកាសថ្លែងនៅអង្គមហាសន្និបាទអង្គការសហប្រជាជាតិនោះបានរិះគន់យ៉ាងធ្ងន់ទៅលើសហគមន៍អន្តរជាតិដែលបានចុះកិច្ចព្រមព្រៀងស្តីអំពីបញ្ហានុយក្លែរជាមួយប្រទេសអ៊ីរ៉ង់ ។ លោកអានស្ថិតក្នុងសភាពស្ងប់ស្ងៀមរយៈពេល៤៥នាទី ដើម្បីត្រាប់ទៅតាមសភាអង្គការសហប្រជាជាតិ ដែលមិនបានធ្វើតាមអ៊ីរ៉ង់ដោយអំពាវនាវឲ្យមានការបំផ្លាញលំនៅឋាននៅតំបន់ Jewish ចោលនោះ ។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែងថា អ៊ីស្រាអែលនឹងធ្វើគ្រប់យ៉ាងដើម្បីការពារខ្លួន និងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់អភិវឌ្ឍន៍បានជោគជ័យអាវុធនុយក្លេអ៊ែរនោះឡើយ ។ លោកបញ្ជាក់ថា អ៊ីស្រាអ៊ែលមិនអនុញ្ញាតឲ្យកម្លាំងណាមួយនៅលើភពផែនដីនេះគំរាមកំហែងដល់អនាគតអ៊ីស្រាអែលបានឡើយ ។ អ៊ីស្រាអែលនឹងធ្វើគ្រប់យ៉ាងតាមតែអាចធ្វើទៅបានដើម្បីការពារជាតិ និងការពារពលរដ្ឋរបស់ខ្លួន ៕
ប្រែសម្រួល៖ ថាច់ យ៉ាត