ប្រភពព័ត៌មានពីកម្លាំងយោធាអាមេរិកបានបញ្ជាក់ថា យន្តហោះដឹកជញ្ជូនរបស់កម្លាំងយោធាអាមេរិកមួយគ្រឿងបានហោះហើរធ្លាក់កាលពីវេលាម៉ោងពាក់កណ្តាលអធាត្រ ម៉ោងនៅក្នុងតំបន់ ឈានចូលថ្ងៃ២ ខែតុលា ឆ្នាំ២០១៥ បណ្តាលឲ្យបាត់បង់ជីវិត១១នាក់ ក្នុងនោះមានកងកម្លាំងយោធាអាមេរិក៦នាក់ផងដែរ ។
ហេតុការណ៍ធ្លាក់យន្តហោះប្រភេទ C-130 Hercules នេះបានកើតឡើងនៅក្នុងតំបន់ Jalalabad ភាគខាងកើតរបស់ប្រទេសអាហ្វហ្គានីស្ថាន និងជាប់ព្រំដែនប្រទេសប៉ាគីស្ថាន ។
អ្នកនាំពាក្យកម្លាំងយោធាអាមេរិកបានអះអាងថា មូលហេតុនៃការធ្លាក់យន្តហោះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។ លោកបដិសេធន៍ថា មានការបាញ់ប្រហារបណ្តាលឲ្យធ្លាក់នេះ ។ ជាមួយគ្នានេះដែរ លោកបានអះអាងថា គ្មានជនរងគ្រោះជាជនស៊ីវិលណាម្នាក់នៅលើដី រងគ្រោះដោយហេតុការណ៍នេះឡើយ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថាដែរ ក្នុងចំណោមជនរងគ្រោះទាំង១១នាក់នោះ គឺមានបុគ្គលិកជាប់កិច្ចសន្យារបស់កម្លាំងយោធាអាមេរិក៥នាក់ផងដែរ ។
ហេតុការណ៍នេះបានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកងទ័ពអាហ្វហ្គានីស្ថានបានដណ្តើមទីក្រុង Kunduz ពីកណ្តាប់ដៃក្រុមឧទ្ទាមតាលីបង់វិញ ។ ក្រុមឧទ្ទាមតាលីបង់បានបើកការវាយប្រហារដណ្តើមទីគ្រង់គ្រងទីក្រុង Kunduz ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅទូទាំងពិភពលោក បន្ទាប់ពីក្រុមនេះត្រូវផ្តួលរំលំកាលពីឆ្នាំ២០០១រៀងរហូតមកនោះ ។ នេះជាសកម្មភាពវាយប្រហារលើកដំបូងដើម្បីដណ្តើមការគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថានពីសំណាក់ក្រុមឧទ្ទាតាលីបង់ ។ ប៉ុន្តែទោះបីយ៉ាងណា ក្នុងរយៈពេល៣ថ្ងៃក្រោយមក កងទ័ពអាហ្វហ្គានីស្ថាន ដោយមានការជួយពីលើដែនអាកាសរបស់កងកម្លាំងសម្ពន្ធមិត្តអាមេរិកផងនោះបានវាយប្រហារបណ្តេញក្រុមឧទ្ទាមតាលីបង់ចេញពីទីក្រុង Kunduz នោះវិញ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ។
កាលពីឆ្នាំ២០១១ ក្រុមខ្មាន់កាំភ្លើងឧទ្ទាមតាលីបង់ធ្លាប់បានបើកការបាយប្រហារទៅលើឧទ្ធម្ភាគចក្រប្រភេទ Chinook របស់កងកម្លាំងយោធាអាមេរិកបានបណ្តាលឲ្យបាត់បង់ជីវិត៣៨នាក់ផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត