ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី សំ ថា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ បានដឹកនាំកំលាំង និងបញ្ជាដោយផ្ទាល់ ក្នុងការចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន ក្នុងនោះកម្លាំងបានធ្វើការឃាត់ខ្លួនកូនប្រុសលោកមេភូមិពាលញែក ១ ដោយចោទពីបទគំរាមសម្លាប់។
ប្រតិបត្តិការខាងលើធ្វើឡើងកាលវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពាលញែក ១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី សំ ថា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់បានឲ្យដឹងថា៖ ជនជាប់ចោទ ត្រូវបានអនុវត្តន៍(ឃាត់ខ្លួន)ឈ្មោះ សុខ រ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ជា(កូនប្រុសលោកមេភូមិពាលញែក ១)។
លោកវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបន្តថា ៖ការដែលកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើរូបនេះ គឺអនុវត្តឡើងដីកា(បង្គាប់ឲ្យនាំខ្លួន)របស់សាលាដំបូងខេត្តពោធិ៍សាត់លេខ ៩២ ដន ១៧ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ដោយជាប់ចោទពីបទ៖(គំរាមសម្លាប់ ចាត់ចែងឲ្យប្រើប្រាស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប៉ុន្តែលោកមិនបានបញ្ជាក់ថាជនជាប់ចោទត្រូវឃាត់ខ្លួនខាងលើនេះ ប្រព្រឹត្តកាលពីថ្ងៃទីប៉ុន្មានឬខែឆ្នាំណា និងនៅទីកន្លែងណានោះទេ។
លោក វរសេនីយ៍ត្រី សំ ថា មេបញ្ជាការបន្តទៀតថា ចំពោះជនជាប់ចោទបានបន្តនីតិវិធីនៅការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តពោធិ៍សាត់ ដើម្បីបំពេញសំណុំឯកសារខ្លះៗបញ្ជូនបន្តទៅសាលាដំបូងខេត្តពោធិ៍សាត់៕
ដោយ៖ បុឹម ពិន