ខេត្តកណ្តាល៖ រថយន្ត៣ គ្រឿងបានរងនូវការខូចខាតក្នុងករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តដឹកទំនិញចំណុះ៥តោនបើកបុករះកាលពីវេលាម៉ោង ៤និង៣០នាទី រសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ មុខវិទ្យាល័យជ័យវរ្ម័ន្មទី៧ ក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នគរបាលចរាចរស្រុកបានប្រាប់ថារថយន្តបង្កម៉ាកហ៊ីយ៉ាន់ ដាយពណ៍ស ពាក់ស្លាក លេខ ភ្នំពេញ 3C-5117 បើកបរ ដោយបុរសម្នាក់ ឈ្មោះ សម្បត្តិ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបើកក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង មកដល់កន្លែងកើតហេតុបានរេចង្កូតទៅបុកជាមួយរថយន្តកុងតឺន័រ ដែលធ្វើ ដំណើរក្នុងទិសដៅផ្ទុយគ្នា ពីអ្នកលឿងចូលមកភ្នំពេញ ។
បន្ទាប់ពីបុករថយន្តកុងតឺន័រ រថយន្តបង្កបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក់KIA ពាក់ស្លាកលេខ ញ-២៩០៣ ភព៣ ដែលបើកបរនៅពីក្រោយរថយន្តកុងតឺន័រ បណ្តាលអោយប៊ើងខ្ទាតទៅចិញ្ចើមផ្លូវជាតិបុកចូលក្នុងរោងលក់ទឹកអំពៅខូចខាតម៉ាស៊ីនកិនទឹកអំពៅ១គ្រឿងទៀតទើបរថយន្តបង្កទៅមុខលែងរួចដោយសារដាច់កង់ខាងមុខ ។
នគរបាលបានបន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរនេះ បណ្តាលអោយខូចខាតរថយន្ត៣គ្រឿង ម៉ាស៊ីនកិនទឹកអំពៅ១គ្រឿង និងរបួសអ្នកបើកបររថយន្តបង្កម្នាក់ ។ បើតាមសាក្សីដែល ឃើញហេតុការណ៍ មុនពេល គ្រោះថ្នាក់អ្នកបើកបរទំនងជាស្រវឹង បើករថយន្តរេពេញផ្លូវមកដល់កន្លែងកើតហេតុស្រាប់តែបុករះតែម្តង ។
លោកព្រំ សំណាង អធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា តាមការវាសវែងនៅនិងត្រួតពិនិត្យនៅកន្លែងកើតហេតុ គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តចំណុះ៥តោនជាប្រភេទរថយន្តដឹកទំនិញ បានបើកបុករថយន្តកុងតឺន័រ រួចហើយជ្រុលទៅបុករថយន្តរថយន្ត១គ្រឿងទៀតជារបស់ក្រុមហ៊ុនប្រេង LHR ចុង ក្រោយបុកចូលទៅក្នុងរោងលក់ទឹកអំពៅ ទើបទៅមុខ លែងរួច ។
នៅកន្លែងកើត ហេតុមានការសម្របសម្រួលសំបញ្ចប់រឿងដែរ តែករណីនេះមិនអាចបញ្ចប់បានភ្លាមៗនោះទេ ព្រោះការខូច ខាតមធ្យោបាយធ្វើដំណើរមានទំហ៊ំធំ រួមនិងទ្រព្យសម្បត្តិ មួយចំនួនទៀត ដូច្នេះទើបសមត្ថកិច្ចសម្រេចយករថយន្តទាំង៣គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ សណ្តោស