ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់បាវវាយបណ្តាលអោយរងរបួសធ្ងន់ ខណៈជនសង្ស័យម្នាក់នេះបានធ្វើសកម្មភាពគាស់បន្ទប់ជួលកម្មការនីរោងចក្រមួយកន្លែង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ នៅចំណុចបន្ទប់ជួលមួលកន្លែង ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មិនពេលកើតហេតុគេបានឃើញជនសង្ស័យម្នាក់បានមកធ្វើសកម្មភាពគាស់បន្ទប់ជួលកម្មការនីរោងចក្រមួយកន្លែងនៅជាន់ទី២ ខណៈកំពុងគាស់ ស្រាប់តែម្ចាស់បន្ទប់មកទាន់ ស្រែកថា ចោរៗ ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាព័ទ្ទចាប់បានព្រួតវាយម្នាក់មួយដៃមួយជើងបណ្តាលអោយសន្លប់ស្តូកស្តឹង ទើបរាយការណ៍ទៅសមត្ថកិច្ច ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុដោយសារតែជនសង្ស័យសន្លប់មិនដឹងខ្លួន ទើបហៅរថយន្តសង្គ្រោះ មកដឹកទៅមន្ទីរដោយខ្លាចស្លាប់ ។ សមត្ថកិច្ចបានអោយដឹងថា ខណៈកំពុងតែដឹងជនសង្ស័យបានពាក់កណ្តាលផ្លូវក៏ស្រាប់តែសង្ស័យដឹងខ្លួន ហើយបានបើកទ្វាររត់ចុះគេចខ្លួនបាត់ ដោយមិនមានសមត្ថកិច្ចណាម្នាក់ដេញចាប់មកវិញទេ។
ប្រជាពលរដ្ឋបានរិះគន់សមត្ថកិច្ចយ៉ាងខ្លាំងដោយសារតែចាប់បានចោរហើយបែរជាសមត្ថកិច្ចធ្វេសប្រហែស ដោយមើលឃើញជនសង្ស័យសន្លប់ ទើបមិនបានដាក់ខ្នោះធ្វើអោយជនសង្ស័យរត់គេចខ្លួនបែបនេះ.។
គួរបញ្ជាក់ផងដែរថា នៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ ជាពិសេសនៅម្តុំផ្សារការឌីយាតែម្តង តែងតែមានក្រុមចោរគាស់ផ្ទះប្រជាពលរដ្ឋជាញឹកញាប់ តែសមត្ថកិច្ចមិនដែលចាប់ជនសង្ស័យបានម្តងឡើយ តែពេលនេះប្រជាពលរដ្ឋចាប់បានហើយបែរជាសមត្ថកិច្ចធ្វើអោយរួចទៅវិញ តើសមត្ថកិច្ចដោះស្រាតយ៉ាងណាចំពោះករណីនេះ? ៕
ដោយ៖ សុខា សែនជ័យ