ពិធី​ថ្លែងអំណរគុណ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដល់​មូលនិធិ​អង្គរ​របស់​ក្រុមហ៊ុន​ Cambrew​ LTD

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ពិធី​ថ្លែងអំណរគុណ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​​បានធ្វើឡើង ដល់​មូលនិធិ​អង្គរ​របស់​ក្រុមហ៊ុន​ Cambrew​ LTD ​ដែល​បាន​ឧបត្ថម្ភ​អាហារូបករណ៍​ថ្នាក់​ឧត្ត​ម្ភ​សិក្សា​ 400​កន្លែង​ សម្រាប់រយៈពេល​4​ឆ្នាំ​ដល់​សិស្សានុសិស្ស​ដែល​ ​រៀន​ពូកែ​ និង​ពុំ​មាន​ល​ទ្ឋ​ភាព​បន្ត​ការ​សិក្សា​នៅ​ថ្នាក់ឧត្តម​សិក្សា​ ក្រោម​អធិបតីភាព​លោក​ ហ៊ុន​ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា៖​

idks-3

​ស​ន្ទ​រក​ថា លោក​ NORMAN​ LIM​ នាយក​ផ្នែក​លក់​ និង​ទីផ្សារ​ របស់​ក្រុមហ៊ុន​ Cambrew​ Ltd ​

ជាបឋម​ខ្ញុំបាទ​ សូម​សម្តែង​គារ​កិច្ច​ចំពោះ​ ឯកឧត្តម​ ហ៊ុន​ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​សូម​គោរព​ ឯកឧត្តម​ លោក​ជំទាវ​ ឧកញ៉ា​ លោក​ លោកស្រី​ នាង​កញ្ញា​ ក្មួយៗ​ សិស្ស​ និស្សិត​ និង​ថ្នាក់ដឹកនាំ​របស់​ស្រា​បៀរ​អង្គរ​ទាំងអស់​។​ ​

នា​ព្រឹក​នេះ​ ខ្ញុំបាទ​មាន​ក្តី​សោម​ន្ស​រីករាយ​នឹង​ជំរាប​ជូន​ឯកឧត្តម​ លោក​ជំទាវ​ ឧកញ៉ា​ លោក​ លោកស្រី​ នាង​កញ្ញា​ ក្មួយៗ​សិស្ស​ និស្សិត​ ឲ្យ​បាន​ជ្រាប​ថា​ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ​ យល់​យ៉ាង​ច្បាស់​ថា​ អនាគត​ប្រទេស​យើង​គឺ​អាស្រ័យ​លើ​ប្អូនៗ​ក្មួយៗ​ជំនាន់​ក្រោយ​ទាំងស្រុង​។​ ដូច្នេះ​ហើយ​ ថ្នាក់ដឹកនាំ​គ្រប់​រូប​របស់​ស្រា​បៀរ​អង្គរ​មាន​ក្តី​រំភើប​ជា​ខ្លាំង​ដែល​បាន​ក្លាយជា​ដៃគូរ​សហការ​ជាមួយនឹង​សហភាព​សហព័ន្ធ​យុ​ជន​កម្ពុជា​តាម​រយៈ​សមាគម​មូល​នី​ធិ​អង្គរ​របស់​ស្រា​បៀរ​អង្គរ​។​ តាំងពី​ដើម​មក​ យើង​ជឿជាក់​លើ​ការ​ប្តេជ្ញា​ចិត្ត​ និង​ការ​ខិត្តខំ​ប្រឹងប្រែង​ដ៏​ឥត​ងាករេ​ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ក្នុង​ការ​ផ្តល់​ឱកាស​ឲ្យ​យុវជន​ដែល​ពុំ​មាន​លទ្ធភាព​ និង​មធ្យោបាយ​គ្រប់គ្រាន់​ឲ្យ​ទទួល​បានការ​អប់រំ​ដ៏​សម​ស្រប​មួយ ​។​ ​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ឆ្នាំ​ 2009​ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ​ បាន​សម្រេច​ថា​ វា​ជា​ពេលវេលា​សម​ស្រប​មួយ​ក្នុង​ការ​តបស្នង​ទៅ​កាន់​សង្គម​ជាតិ​វិញ​។​ ដើម្បី​បំពេញ​កិច្ចការ​នេះ​ សមាគម​មូល​នី​ធិ​អង្គរ​ក៏​បាន​លេច​ជា​រូបរាង​ឡើង​ ដោយ​សង្ឃឹមថានឹង​ផ្តល់​ពន្លឺជីវិត​ដល់​យុវជន​ខ្មែរ​យើង​ដែល​មិន​មានឱកាស​ទទួល​បានការ​អប់រំ​។​ ដោយ​មើលឃើញ​ពី​សក្តានុពល​របស់​សហភាព​សហព័ន្ធ​យុ​វយជន​កម្ពុជា​ យើង​ក៏​បាន​សម្រេច​រួម​សហការ​គ្នា​ ដែល​កិច្ចសហការ​នេះ​មិន​ត្រឹមតែ​ជួយ​ឲ្យ​សមាគម​ឲ្យ​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​ប៉ុន​នោះ​ទេ​ តែ​វា​នឹង​អាច​ជួយ​សម្រេច​ក្តី​ស្រ​ម៉ៃ​របស់​ក្រុម​គ្រួសារ​រាប់រយ​ផ្សេង​ទៀត​ ដែល​មាន​ជីវភាព​ខ្វះខាត​នៅ​ទូ​ទាំង​ប្រទេស​។​ ​

ឯកឧត្តម​ លោក​ជំទាវ​ ឧកញ៉ា​ លោក​ លោកស្រី​ នាង​កញ្ញា​ ក្មួយៗ​ សិស្ស​ និស្សិត​ជាទី​មេត្រី​!​ សមាគម​មូល​នី​ធិ​អង្គរ​គឺ​អង្គការ​សប្បុរស​មួយ​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ​ដែល​មាន​គោលដៅ​ចម្បង​បំផុត​ធំ​ 4​គឺ​៖​

  1. ជួយ​សម្រាល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​
  2. រួមចំណែក​អប់រំ​យុវជន​ឲ្យ​មាន​សមត្ថភាព​ និង​ទំនុកចិត្ត​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​
  3. រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទាំងមូល​ដោយ​ការ​លើកកំពស់​ការ​អប់រំ​របស់​យុវជន​
  4. ផ្តល់​ឱកាស​ឲ្យ​យុវជន​មាន​សមត្ថភាព​ ដែល​មក​ពី​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ ឲ្យ​ទទួល​បានការ​អប់រំ​ដូច​យុវជន​ដ៏​ទៃ​ទៀត​ដែរ​។​ ​

ខ្ញុំបាទ​សូម​ឆ្លៀតឱកាស​នេះ​រំ​ឮ​ក​ផង​ដែរ​ថា​ សមាគម​មូល​នី​ធិ​អង្គរ​ បាន​ចាប់ផ្តើម​ឡើង​ ពី​ការ​ផ្តល់​សម្ភារៈ​សិក្សារ​ដូច​ជា​ សៀវភៅអាន​ សៀវភៅសរសេរ​ និង​កាបូប​ ដល់​សិស្សានុសិស្ស​នៅ​បឋម​សិក្សា​ដាច់​ស្រយាល​នៅ​ទូ​ទាំង​ប្រទេស​។​

ដោយ​ឃើញ​ពី​ផល​ជា​វិជ្ជា​មាន​របស់​គម្រោង​នេះ​ យើង​ក៏​បាន​សម្រេច​បន្ត​ជំនួយ​ដល់​ថ្នាក់មធ្យមសិក្សា​។​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ មាន​សិស្សានុសិស្ស​ចំនួន​ 46,875​នាក់​ នៅ​តាម​សាលា​ជាង​ 90​ មក​ហើយ​ ដែល​បាន​ទទួល​ជំនួយ​ពី​សមាគម​មូល​នី​ធិ​អង្គរ​។​ ហើយ​ក្នុង​ឱកាស​បវេស្សណកាល​ថ្មី​នេះ​ សមាគម​និង​បន្ត​ផ្តល់​ជំនួយ​ដល់​សិស្សានុសិស្ស​ចំនួន​ 21,000​ នាក់​ មក​ពី​ 32​ សាលា​ នៃ​ខេត្ត​ក្រុង​ចំនួន​12​ ជា​បន្ត​ទៀត​។​ ​ក្រៅពី​ការ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​បឋម​ និង​មធ្យមសិក្សា​ ការ​ផ្តល់​អាហារូបករណ៍​ថ្នាក់ឧត្តម​សិក្សា​គឺជា​អតិ​ភាព​មួយ​របស់​ពូក​យើង​តាំងពី​ដើម​មក​។​ នៅ​ថ្ងៃនេះ​ យើង​មាន​មោទនភាព​នឹង​ជម្រាប​ជូន​ថា​ សមាគម​បាន​ផ្តល់​អហា​រូបករណ៍​ចំនួន​ 400​ កន្លែង​ដល់​និស្សិត​ដែល​មក​ពី​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ឲ្យ​បាន​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ជា​បន្ត​រួច​មក​ហើយ​។​ ក្នុង​នោះ​ សមាគម​បាន​ចេញថ្លៃ​សិក្សា​ចំនួន​ 4​ ឆ្នាំ​ពេញ​ដល់​និស្សិត​ទាំងនោះ​ ឲ្យ​បាន​រៀន​ជំនាញ​ដែល​ពួក​គេ​ជ្រើសរើស​។​ ​

ឯកឧត្តម​ លោក​ជំទាវ​ ឧកញ៉ា​ លោក​ លោកស្រី​ នាង​កញ្ញា​ ក្មួយៗ​ សិស្ស​ និស្សិត​ជាទី​រាប់អាន​!​ សមាគម​មូល​នី​ធិ​អង្គ​រតែង​រិះរក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​បុព្វហេតុ​ជាតិ​ជា​និច្ច​ ទាំង​វិស័យ​អប់រំ​ តន្ត្រី​ កីឡា​ និង​សកម្មភាព​មនុស្សធម៌​សង្គម​ផ្សេង​ទៀត​។​ ដោយ​មើលឃើញ​ ពី​ទស្សនវិស័យ​ដ៏​មោះមុត​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ សមាគម​មូល​នី​ធិ​អង្គរ​បាន​សម្រេច​ពួតដៃគ្នា​ ដើម្បី​បំពេញបេសកកម្ម​ផ្នែក​មនុស្សធម៌​របស់​យើង​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​។​ ​

តាង​នាម​ឲ្យ​សមាគម​មូល​នី​ធិ​អង្គរ​ និង​ស្រា​បៀរ​អង្គរ​ ខ្ញុំបាទ​សូម​បញ្ជាក់​ពី​ជំហរ​របស់​យើង​ជា​ថ្មី​ម្តងទៀត​ថា​ យើង​នឹង​បន្ត​កិច្ច​ឧបត្ថម្ភ​នេះ​ជា​បន្ត​ទៀត​នា​ពេល​អនាគត​ខាង​មុខ​។​ ជាមួយ​គ្នា​នឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ យើង​នឹង​រួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​ និង​ការ​ផ្តួចផ្តើម​គំនិត​ផ្សេងៗ​ទៀត​ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​កម្ពុជា​ ទាំង​វិស័យ​អប់រំ​ និង​វប្បធម៌​។​ សមាគម​ និង​រូប​ខ្ញុំបាទ​ផ្ទាល់​ជឿជាក់​ថា​ ទ​ង្វើ​រទាំង​នេះ​មិន​ត្រឹមតែ​ផ្តល់​ឱកាស​ឲ្យ​ដល់​យុវជន​កម្ពុ​ជាមួយ​ចំនួន​ដែល​ទទួល​បាន​អហា​រូបករណ៍​ប៉ុន​នោះ​ទេ​ តែ​វា​នឹង​ផ្តល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ និង​សហគមន៍​របស់​ពួក​គេ​ជា​រួម​ផង​ដែរ​។​ ​

នាទី​បញ្ចប់​នេះ​ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់​ ឯកឧត្តម​ លោក​ជំទាវ​ ឧកញ៉ា​ លោក​ លោកស្រី​នាង​កញ្ញា​ ក្មួយៗ​សិស្ស​ និស្សិត​ នា​ព្រឹក​នេះ​ សូម​ជូនពរ​សុខភាព​ល្អ​ និង​ជ័យ​ជំនះ​គ្រប់​ភា​រិ​កិច្ច​ ។​ សូម​អរគុណ​!​ ៕

សុន្ទរកថា​ ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្នុង​ពិធី​ថ្លែងអំណរគុណ​ដល់​មូលនិធិ​អង្គរ​របស់​ក្រុមហ៊ុន​ Cambrew​ Ltd.​ដែល​បាន​ឧបត្ថម្ភ​អាហារូបករណ៍​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ នា​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​ ២០១៥ ​

សូម​គោរព​ លោក​ NORMAN​ LIM​ នាយក​ផ្នែក​លក់​ និង​ទីផ្សារ​ របស់​ក្រុមហ៊ុន​ Cambrew​ Ltd.​ ជាទី​គោរព​! ​

សូម​គោរព​ ឯកឧត្តម​ សុខ​ ពុ​ទ្ធី​វុ​ធ​ សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ ជាទី​គោរព​! ​

សូម​គោរព​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ អ្នក​នាង​ កញ្ញា​ ជាទី​គោរព​! ​

សួស្តី​ប្អូនៗ​និស្សិត​អាហារូបករណ៍​ទាំងអស់​ដែល​មាន​វត្ត​មាននៅ​ទី​នេះ​! ​

ថ្ងៃនេះ​ ខ្ញុំ​មាន​សេចក្ដី​សោមនស្ស​រីករាយ​ឥត​ឧបមា​ ដែល​បាន​តំណាង​ឱ្យ​សហភាព​សហព័ន្ធ​ យុវជន​កម្ពុជា​ ក្នុង​ពិធី​ថ្លែងអំណរគុណ​ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដល់​មូលនិធិ​អង្គរ​របស់​ក្រុមហ៊ុន​ Cambrew​ Ltd.​ ដែល​បាន​ឧបត្ថម្ភ​ជា​អាហារូបករណ៍​ដល់​គម្រោង​អាហារូបករណ៍​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​តាំងពី​ឆ្នាំ​២០១២​ រៀង​មក​។​

​ក្នុង​នាម​ក្រុម​គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​និស្សិត​ក្រីក្រ​ទាំងឡាយ​ដែល​បាន​ទទួល​អាហារូបករណ៍​តាម​រយៈ​គម្រោង​អាហារូបករណ៍​ដែល​ឧបត្ថម្ភ​ដោយ​មូលនិធិ​អង្គរ​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ជូន​ចំពោះ​មូលនិធិ​អង្គរ​នៃ​ក្រុមហ៊ុន​ Cambrew​ Ltd.​ ដែល​បាន​ និង​កំពុង​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្មវិធី​អាហារ​រូបករណ៍​ ស​.​ស​.​យ​.​ក​.​ តាំងពី​ឆ្នាំ​២០១២​រៀង​មក​ ហើយ​បាន​ចុះ​អនុស្សា​រណៈ​ជា​ផ្លូវការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នា​ពេល​កន្លង​មក​។​ នេះ​ជា​ការ​សរ​បញ្ជាក់​នូវ​ការ​រួមចំណែក​យ៉ាង​ធំធេង​របស់​មូលនិធិ​អង្គរ​របស់​ ក្រុមហ៊ុន​ Cambrew​ Ltd.​ ក្នុង​ការ​កសាង​ធនធានមនុស្ស​កម្ពុជា​ តាម​រយៈ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដោយ​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ​ជួប​ការ​លំបាក​ចំនួន​ ១០០​ កន្លែង​ជា​រៀង​រាល់​ឆ្នាំ​ចាប់ផ្ដើម​ពី​ឆ្នាំ​២០១២​មក​។​ កាយវិការ​ដ៏​សប្បុរស​នេះ​បង្កប់​នូវ​ស្មារតី​នៃ​វប្បធម៌​ចែករំលែក​ និង​សាមគ្គីភាព​នៅ​ក្នុង​សង្គម​កម្ពុជា​ដែល​មាន​តាំងពី​ដើម​រៀង​មក​ ហើយ​សកម្មភាព​ដ៏​ថ្លៃថ្លា​នេះ​អនុញ្ញាត​ឱ្យ​យុវជន​ក្រីក្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​នូវ​បំណង​របស់​ខ្លួន​ក្នុង​ការ​បន្ត​ការ​សិក្សា​កម្រិត​ឧត្តម​ ដើម្បី​អាច​ក្លាយ​ខ្លួន​ជា​សសរទ្រូង​យ៉ាង​រឹង​មាំ​ សម្រាប់​បន្តវេន​នូវ​ការ​អភិវឌ្ឍ​ជាតិ​ កម្ពុ​ជានា​ពេល​អនាគត​។​

​តប​តាម​ការ​ផ្តល់​ឱកាស​ដោយ​ក្រុមហ៊ុន​ Cambrew​ Ltd.​ តាម​រយៈ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខ្ញុំ​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​ប្អូនៗ​និស្សិត​ដែល​មាន​វត្ត​មាននៅ​ទី​នេះ​ ក៏​ដូច​ជា​និស្សិត​អាហារូបករណ៍​ផ្សេង​ទៀត​ដែល​ទទួល​បាន​ឱកាស​នេះ​ហើយ​ ត្រូវ​ក្តាប់​ឱ្យ​ជាប់​ដោយ​មិន​ត្រូវ​បោះបង់​ការ​សិក្សា​នៅ​កណ្ដាលផ្លូវ​ឡើយ​ ព្រោះ​កាយវិកា​ដ៏​អវិជ្ជមាន​នេះ​ជា​ការ​បង្ហាញ​នូវ​ភាព​ខ្ជីខ្ជា​ និង​គ្មាន​ការ​ទទួលខុសត្រូវ​។​

បើ​ចេះ​ប្រាកដ​ “​ប្រាក់​រត់​តាម​ហៅ​”​ មាន​តែ​ចំណេះវិជ្ជា​ប៉ុណ្ណោះ​ ដែល​ជា​ប្រទីប​បំភ្លឺ​ផ្លូវ​នាំ​ប្អូនៗ​ទៅ​រក​អនាគត​ដ៏​ត្រចះត្រចង់​។​ សម្រាប់​ប្អូនៗ​ដែល​បាន​ខិតខំ​សិក្សា​ និង​តស៊ូ​ក្រេប​យកចំណេះ​វិជ្ជា​ប្រកបដោយ​គុណភាព​ នោះ​ប្អូនៗ​នឹង​អាច​ទទួល​បាន​នូវ​អនាគត​មួយ​ដ៏​ភ្លឺស្វាង​ ក៏​ដូច​ជា​ជួយ​ជ្រោមជ្រែង​ក្រុម​គ្រួសារ​ប្អូនៗ​ និង​សង្គម​ជាតិ​ផង​ដែរ​។​ ផ្ទុយ​ទៅ​វិញ​ បើ​យើង​បោះបង់​ឱកាស​នេះ​ស្មើនឹង​ការ​បាត់បង់​នូវ​ធនធាន​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុម​គ្រួសារ​ប្អូនៗ​ និង​សង្គម​កម្ពុជា​ ហើយ​បន្ថែម​ពីលើ​នោះ​ការ​បោះបង់​អាហារូបករណ៍​នេះ​មិន​ត្រឹមតែ​ជា​ការ​បោះបង់​ឱកាស​របស់​ខ្លួន​នោះ​ទេ​ ប៉ុន្តែ​វា​ស្មើនឹង​ការ​បំផ្លាញ​ឱកាស​របស់​អ្នក​ដែល​ត្រូវការ​អាហារូបករណ៍​ពិតប្រាកដ​ និង​មានការ​ព្យាយាម​យ៉ាង​លំបាក​តែ​មិន​ទទួល​បាន​ឱកាស​ដ៏​មាន​សារ​ប្រយោជន៍​នេះ​។​ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​ ប្រសិនបើ​អ្នក​ទាំងអស់​គ្នា​បោះបង់​ការ​សិក្សា​ដោយ​ប្រការ​ណាមួយ​នោះ​ អាច​នឹង​ធ្វើ​ឱ្យ​សប្បុរសជន​​អស់​ទឹកចិត្ត​ក្នុង​ការ​គាំទ្រ​ដល់​គម្រោង​អាហារូបករណ៍​បន្ត​ទៀត​។​

ជា​ការ​ពិត​ណាស់​ ការ​សិក្សា​ជា​ដំណើរ​ផ្លូវ​មួយ​ដ៏​វែង​ឆ្ងាយ​ និង​លំបាក​ ក៏​ប៉ុន្តែ​ប្រ​សិន​យើង​ក្រឡេក​មើលទៅ​ជាង​សាមសិប​ឆ្នាំ​មុន​ យើង​ពិតជា​នៅ​តែ​មានសំណាង​ជាង​យុវជន​សម័យ​នោះ​ ដែល​ត្រូវ​ហែល​ឆ្លងកាត់​ភ្លើងសង្គ្រាម​ គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ គ្មាន​សាលារៀន​ គ្មាន​មន្ទីរពេទ្យ​ គ្មាន​វត្ត​អារាម​ ត្រូវ​លី​អាវុធ​ចូល​ព្រៃ​ និង​បាន​ពលី​ជីវិត​ ដើម្បី​រំដោះប្រទេស​ជាតិ​ចេញពី​ភ្នក់ភ្លើងសង្គ្រាម​ដ៍​រ៉ាំរ៉ៃ​ ពលិកម្ម​ និង​ការ​បូជា​គ្រប់​បែប​យ៉ាង​ដើម្បី​រំដោះប្រទេស​ពី​អំពើ​ប្រល័យពូជសាសន៍​ និង​ជា​បន្តបន្ទាប់​ក្នុង​បុព្វហេតុ​ដើម្បី​ស្វែងរក​សន្តិភាព​ រក្សា​សិ្ថ​រ​ភាព​ ជំរុញ​ការ​អភិវឌ្ឍ​ ទើប​ប្អូនៗ​ទាំងអស់​គ្នា​ យុវជន​ទូទៅ​ ក៏​ដូច​ជា​កម្ពុជា​ទាំងមូល​ទទួល​បាន​សុខ​សន្តិភាព​ពេញ​បរិបូរណ៍​ ព្រមទាំង​មានឱកាស​សិក្សា​យ៉ាង​ទូលំទូលាយ​ដូច​សព្វ​ថ្ងៃនេះ​។​ អាវុធ​របស់​យុវជន​នា​ពេល​បច្ចុប្បន្ន​ មិនមែន​ជា​គ្រឿង​សព្វាវុធ​សម្រាប់​ធ្វើសង្គ្រាម​ទៀត​ទេ​ តែ​ជា​ដង​ប៉ា​កា​ និង​សៀវភៅ​ដែល​ជា​ឃ្លាំងចំណេះ​មិន​ចេះ​រីងស្ងួត​ សម្រាប់​ត្រៀមខ្លួន​ក្លាយជា​សរសរ​ទ្រូង​នៃ​ប្រទេស​ជាតិ​។​ អនាគត​នៃ​កម្ពុជា​អាស្រ័យ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ និង​ប្ដេជ្ញា​ចិត្ត​របស់​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​ ការ​រក្សា​កេរ​មរតក​ និង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ដែល​អតីត​យុវជន​បាន​បន្សល់​ទុក​ដល់​យើង​ ដោយ​បង្កើត​នូវ​ស្នាដៃ​​ថ្មី​បន្ថែម​ទៀត​ ដើម្បី​កសាង​កម្ពុ​ជាមួយ​ប្រកបដោយ​វឌ្ឍនៈភាព​ កិត្យានុភាព​ និង​មោទនភាព​។​

ខ្ញុំ​នៅ​តែ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ សង្គម​ណា​ក៏​ដោយ​ នៅ​សម័យ​ណា​ក៏​ដោយ​ លើកលែងតែ​សម័យ​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ដែល​យក​បញ្ញវន្ត​ជាស​ត្រូវ​ ចំណេះវិជ្ជា​ជា​អាវុធ​ដ៏​សក្ដិ​សិទ្ធ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ភាព​ក្រីក្រ​ទាំង​នៅ​ក្នុង​សង្គម​គ្រួសារ​ ក៏​ដូច​ជា​សង្គម​ជាតិ​ទាំងមូល​។​ ជោគជ័យ​របស់​អ្នក​ទាំងអស់​គ្នា​មិន​ត្រឹមតែ​ជា​ជោគជ័យ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជា​ជោគជ័យ​សម្រាប់​គ្រួសារ​ សង្គម​កម្ពុជា​ និង​ជា​ពិសេស​ជា​មោទនភាព​ដ៏​ធំធេង​សម្រាប់​ជាតិ​យើង​ ។​

​ជា​ចុងបញ្ចប់​ តាង​នាម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​សូម​ជូនពរ​ដល់​ ក្រុមហ៊ុន​ Cambrew​ Ltd.​ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ និង​បុគ្គលិក​ទាំងអស់​ សូម​ជួប​ប្រទះ​តែ​នឹង​ជោគជ័យ​គ្រប់​ភារកិច្ច​នៅ​ក្នុង​អាជីវកម្ម​ និង​សូម​ជូនពរ​ដល់​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ អ្នក​នាង​ កញ្ញា​ និង​ប្អូនៗ​និស្សិត​អាហារូបករណ៍​ទាំងអស់​ដែល​មាន​វត្ត​មាននៅ​ទី​នេះ​ឱ្យ​ជួប​តែ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ និង​ជា​ពិសេស​សម្រាប់​ប្អូនៗ​និស្សិត​ សូម​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​។​ សូម​អរគុណ​!​  ៕​

idks (5)idks (2)idks (1)idks (4)image003

...

ដោយ៖ ថម​ សន​ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print