ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នាពី៦ទៅ៧នាក់បានធ្វើសកម្មភាពគម្រាមប្លន់យកម៉ូតូមួយគ្រឿងពីប្រុសស្រី៤នាក់ខណៈជិះមកបោះបាយបិណ្ឌហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និ១០នាទីទៀបភ្លឺ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥នៅក្នុងបរិវេណវត្តអង្គតាមិញហៅវត្តគោកចំបក់ ស្ថិតនៅភូមិគោគចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមាន ទី១មានឈ្មោះ អីុវាសនា ភេទប្រុសអាយុ24ឆ្នាំមុខរបរបំរើការក្នុងហាងខារាអូខេ(KTV)ផ្លូវ2004 ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យនឹងមានស្រុកកំណើតនៅភូមិស្តៅកណ្តាល ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល ទី2ឈ្មោះ សុខ ជី ភេទស្រី អាយុ18ឆ្នាំមុខរបរដូចគ្នា ស្នាក់នៅផ្ទះជួលក្នុងភូមិជាមួយគ្នា និងមានស្រុកកំណើតនៅភូមិដំណាក់ថ្ងាន់ ឃុំព្រែករំដេង ស្រុកគិរីវង់ ខេត្តតាកែវ ទី3ឈ្មោះផាន់ តី ភេទស្រី អាយុ17ឆ្នាំមុខរបរដូចគ្នាស្នាក់នៅផ្ទះជួលក្នុងភូមិជាមួយគ្នាមានស្រុកកំណើតនៅភូមិឈើជ្រុំ ឃុំសំបូ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ទី4ឈ្មោះ ហាក់ ញ៉ាញ់ ភេទស្រី អាយុ18ឆ្នាំមុខរបរដូចគ្នាស្នាក់នៅជាមួយគ្នាមានស្រុកកំណើតនៅភូមិឈើជ្រំុ ឃំុសំបូរ ស្រុកប្រាសាទសំបូរ ។
តាមជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុក្រុមខ្លួនមានគ្នា៤នាក់នាំគ្នាជិះម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1D-9065 ដែលពួកគេបានខ្ចីពីថៅកែហាងយីហោ យូ ឌេ2 ផ្លូវ2004 ដើម្បីជិះមកបោះបាយបិណ្ឌនៅអង្គតាមិញ ។ លុះពេលចូលមកដល់ក្នុងវត្តស្រាប់តែមានក្រុមជនសង្ស័យមានគ្នាពី៦ទៅ៧នាក់ប្រដាប់ដោយដាវនិងកាំបិតស្ទើរគ្រប់ដៃបានមកស្ទាក់ផ្លូវគម្រាមប្លន់យកម៉ូតូដោយក្រុមចោរបានឲ្យពួកគេចុះពីលើម៉ូតូហើយក្រាបចុះនិងលើកដៃសំពះពួកគេថែមទៀតផង បន្ទាប់មកក្រុមជនសង្ស័យបានយកម៉ូតូនោះជិះគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅដើម្បីសមត្ថកិច្ចងាយស្រួលកំណត់មុខសញ្ញាតាមរយៈស្លាកលេខ ៕
...
ដោយ៖ សុខា សែនជ័យ