ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានកូនបង្កើតប្រទះឃើញចងកស្លាប់នៅក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៦និង៣៥នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិតារ័ត្ន ឃុំលំហាចស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជឹម កុសល ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរជាកសិករ ប្រពន្ធឈ្មោះ សុន ណេត អាយុ៣៣ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន៣នាក់ រស់នៅក្នុងភូមិតារ័ត្ន ឃុំលំហាច ស្រុកអង្គស្នួល ។ ជនរងគ្រោះត្រូវបានស្ត្រីជាប្រពន្ធអះអាងថា បានព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួនដោយចងកជាច្រើនលើករួចមកហើយ តែមិនបានសម្រេចដោយសារតែមានអ្នកជួយសង្រ្គោះទាន់ពេលវេលា ។ ស្ត្រីជាប្រពន្ធបានអះអាងទៀតថា ការដែលប្តីរបស់កាត់ប៉ុនប៉ងចងកធ្វើអត្តរហូតដល់បានសម្រេចនេះ ក៏ព្រោះតែគាត់តូចចិត្តនិងខ្លួនមានជីវភាពក្រីក្រក្នុងការរស់នៅប្រចាំថ្ងៃ ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានបន្តថា នៅមុនពេលកើតហេតុស្ត្រីជាប្រពន្ធបានទៅធ្វើការងារនៅក្នុងរោងចក្រ រីឯកូនៗ៣នាក់បាននាំគ្នាទៅវត្តនាឱកាស់កាន់បិណ្ឌ ។ ដោយឡែកជនរងគ្រោះនៅផ្ទះម្នាក់ឯង ពេលដែលមានឱកាស់ជនរងគ្រោះបានលួចចងកធ្វើអត្តឃាតនៅក្នុងបន្ទប់ក្រោមផ្ទះ ។ ពេលកូនៗត្រឡប់មកផ្ទះវិញឃើញទ្វាផ្ទះបិតស្រែកហៅឪពុកមិនឮឆ្លើយតបក៏នាំគ្នាលូនចូលតាមក្រោមទ្វា ក៏ប្រទះឃើញឪពុកចងកស្លាប់ស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋាន ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាល បានចុះទៅពិនិត្យសាកសពជនរងគ្រោះ ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតសម្លាប់ខ្លួនប្រាកដមែន ។ ជនរងគ្រោះបានប្រើប្រាស់ខ្សែនីឡុងចងភ្ជាប់ជាមួយធ្នឹមផ្ទះ ដើម្បីធ្វើអត្តឃាត ។ បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ