ភ្នំពេញ៖ កម្លាំងនគរបាល របស់អធិការដ្ឋានខណ្ឌទួលគោកបានគោលដៅត្រួតពិនិត្យអាវុធ និងជាតិអាកុល ក្នុងមូលដ្ឋាន រហូតឈានដល់ការឃាត់ខ្លួន យុវជន២នាក់ ខណៈដែលពួកគេជិះ ម៉ូតូឆ្លងកាត់កន្លែងសមត្ថកិច្ចកំពុងធ្វើការឆែកឆេរក៏រកឃើញថ្នាំញៀនដែលពួកគេលាក់ទុកជាប់ខ្លួនទើបឃាត់ខ្លួនតែម្តង ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពី វេលាម៉ោង២១នឹង៣០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ២៧១ ក្រុម១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ គង់ សំអាត ហៅ អាតភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរ ស្នាក់នៅ ផ្ទះជួលមិនចាំលេខ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី២ ឈ្មោះភឹម ឆើត ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១២ ផ្លូវវេង ស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ វត្ថុតាំងដកហូតមានថ្នាំញៀនមួយកញ្ចប់ សង្ស័យម៉ាទឹកកក និងម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 សេរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q 7170។
តាមប្រភពពីមន្ត្រីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនយុវជនសង្ស័យ២នាក់ខាងលើនេះ គឺកម្លាំងសមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យអាវុធ និងជាតិអាកុលនៅលើផ្លូវ២៧១ ក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក លុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែ ជនសង្ស័យទាំង២នាក់នេះបានជិះម៉ូតូឆ្លងកាត់ហើយដោយមានការសង្ស័យក៏បានឃាត់ឲ្យឈប់ដើម្បីឆែកឆេរ រកឃើញមានថ្នាំញៀនជាប់ខ្លួនរួចបញ្ចូនទៅនគរបាលខណ្ឌទួលគោកភ្លាមៗផងដែរ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើនេះរួចពួកគេបានឆ្លើយសារភាពថា ពួកគេទិញថ្នាំញៀនទាំងនេះពីភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីយកទៅប្រើប្រាស់នៅផ្ទះ ហើយនៅពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕
ដោយ៖ ស ដារ៉ា