ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃជនបរទេសម្នាក់មិនបានសម្រេច ក៏ប្រទះជួបនឹងកម្លាំងសមត្ថកិច្ចកំពុងល្បាតដេញចាប់បានតែម្តង ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២ ខែតុលា ឆ្នាំ2015 នៅចំណុចផ្លូវលេខ154 កែងនឹងផ្លូវ 19 សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ ។
លោកលី គឹមឡេង មេបញ្ជាការរងអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្សយ័ដែលត្រូវឃាត់ខ្លួននោះ មានឈ្មោះ ជា ធី ភេទប្រុស អាយុ19ឆ្នាំ មុខរបរសិស្សថ្នាក់ទី11 វិទ្យាល័យដូនពេញ ស្នាក់នៅផ្ទះជួល ផ្លូវលេខ128 សង្កាត់ផ្សារថ្មីទី2 ក្រោយពីឃាត់ខ្លួន កម្លាំងសមត្ថកិច្ចដកហូតបានម៉ូតូ1គ្រឿងម៉ាក SUZUKI Let ពណ៍ស ស្លាកលេខ ភ្នំពេញ 1FF 1358 ចំណែកឯបក្ខដែលរត់គេចខ្លួនបាត់ឈ្មោះ អា ភី ។ រីឯជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេ ។ តាមការសាកសួរពីជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពឆក់2លើកមកហើយ ធ្វើសកម្មភាពជាមួយអា ភីហើយម៉ូតូនេះក៏ជាម៉ូតូរបស់អា ភី ដែលរត់គេច ខ្លូនបាត់នោះដែរ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាង សំណុំរឿងបញ្ជូនបន្តទៅ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕
ដោយ៖ ស ដារ៉ា